ភ្នំពេញ ៖ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ នៅក្នុងសំណុំរឿងបំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ត្រូវបានព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បញ្ចប់ការសួរនាំនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ដោយសម្រេចចោទប្រកាន់ចំនួន៣បទល្មើស ខណៈដែលបក្ខពួកម្នាក់ទៀត ត្រូវចោទ ប្រកាន់មួយបទល្មើស។
ជនបង្កជាម្ចាស់រថយន្ដ Lexus 570 ឈ្មោះ ទ្រី ដារិន ហៅហ៊ាពៅៗ អតីតជាអ្នករកស៊ី កាប់ ជ្រូកដ៏ធំមួយ នៅម្ដុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់៣បទល្មើស រួមមាន៖ គំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃ ក្រមព្រហ្មទណ្ឌ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា៦១៥ នៃ ក្រមព្រហ្មទណ្ឌ។ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់ មួយបទ ល្មើស គឺគំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃ ក្រមព្រហ្មទណ្ឌ។ ក្រោយបញ្ចប់ការចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវវិញ រង់ចាំព្រឹកស្អែកបញ្ជូនទៅមកតុលាការម្ដងទៀត ដើម្បី ឲ្យ ចៅក្រមបើកការសួរនាំ និងចាត់ការតាមផ្លូវច្បាប់៕