ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជាងផ្សារដែកម្នាក់ បានឡើងផ្សារដំបូលនៅចំណុចសំណង់ផ្ទះមួយកន្លែង បណ្តាលឲ្យឆ្លងចរន្តពីត្រង់ស្វូរអគ្គិសនី ជាមួយនិងដែក ឆក់ធ្លាក់ពីលើដំបូលដាំក្បាលចុះមកក្រោម របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ ក្រោយមកទើបដឹងថា សំណង់កើតហេតុនេះ មិនមានការអនុញ្ញាតពីអាជ្ញាធរនោះទេ មិនតែប៉ុណ្ណោះគឺបានសាងសង់រំលោភចូលចំណីផ្លូវសាធារណៈចំនួន៥០ភាគរយនៃសំណង់ ដែលត្រូវតម្រូវឲ្យរុះរើជាបន្ទាន់ផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់ផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ចន ឡេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិផ្សារបាក់ដឹង ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលទើបមកធ្វើការនៅកន្លែងកើតហេតុខាងលើ បានរយៈពេល២ថ្ងៃ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងជាងផ្សារដែក សរុបចំនួន៤នាក់រួមនិងជនរងគ្រោះ បាននាំគ្នាឡើងមកលើដំបូលសំណង់ខាងលើ ដើម្បីផ្សារដែកដំបូល ខណៈនោះជនរងគ្រោះក៏បានលើកដែកក្នុងបំណងផ្សារ ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើដំបូល ដាំក្បាលចុះមកខាងក្រោមបោកនឹងថ្ម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗត្រូវបានកម្មករដូចគ្នាជួយធ្វើចលនាសង្គ្រោះបឋម និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។
សូមបញ្ជាក់ថា បន្ទាប់ពីមានករណីកម្មករផ្សារដែក ឆក់ចរន្តអគ្គិសនីបណ្តាលឲ្យរបួសធ្ងន់រួចមក សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឃើញថា ទីតាំងសំណង់នេះមិនមានការអនុញ្ញាតឲ្យសាងសង់ពីសំណាក់អាជ្ញាធរនោះទេ មិនតែប៉ុណ្ណោះគឺបានសាងសង់រំលោភចូលចំណីផ្លូវសាធារណៈចំនួន៥០ភាគរយនៃស្ថានភាពសំណង់ ដូច្នេះត្រូវតម្រូវឲ្យរុះរើចេញជាបន្ទាន់។ ដោយឡែកម្ចាស់ទីតាំង ភ្លាមៗបានគេចចេញបាត់ពីកន្លែងកើតហេតុតែម្តង៕