សមត្ថកិច្ច​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ ទាំង​២៥​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ និង​២១ ខែសីហា ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​២៥ និង មណ្ឌល​កំណែ​ទាំង​១០ នៅ​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ អោយបាន​ល្អ​ដល់ បេក្ខជន ប្រឡង​ជាង ២​ម៉ឺន​នាក់​។​

ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប នា​ថ្ងៃទី​១៧ ខែ សីហា នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ អះអាងថា “​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន ដល់ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​”​។

​លោក នួន ផា​រ័ត្ន បាន​លើកឡើងថា នៅថ្ងៃនោះ សាលា​រាជធានី​ភ្នំពេញ នឹងដាក់ កម្លាំង នគរបាល​ចរាចរណ៍ គ្រប់​ដងផ្លូវ​សំខាន់ៗ​ទាំងអស់ ជាពិសេស​ផ្លូវចេញចូល​ទៅ​មណ្ឌល​ប្រឡង ចាប់ ពី​ម៉ោង​៥​ព្រឹក​តទៅ ដោយសារ​បេក្ខជន​ប្រឡង​នៅ រាជធានី​ភ្នំពេញ​ទាំងអស់ មាន​ចំនួន​ជាង​២​ម៉ឺន នាក់​។​
​លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែងថា “​នេះ​ជា​លើក​ទី ៥ ហើយ ដែល​ក្រសួង​អប់រំ​ធ្វើកំណែទម្រង់​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​អ្នក សង្កេត ការណ៍ ចូលរួម​តាម​គ្រប់​សកម្មភាព របស់​បេក្ខជន​ប្រឡង​។ ចំពោះ​កំណែទម្រង់​នៃ​ការ ប្រឡង ទាំង​៤ លើក​កន្លងទៅ​គឺ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ផងដែរ​។​

​លោក អនុរដ្ឋលេខាធិការ អោយដឹងថា មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ២៥ មណ្ឌល គិត​ជា​បន្ទប់​ប្រឡង​មាន​ចំនួន​៩១៣​បន្ទប់ ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ២២.៧៧៨ នាក់​។ ជាមួយគ្នា លោក បានស្នើ​អោយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ ឆ្នាំ នេះ ប្រព្រឹត្តទៅ​ទទួលបាន​ភាពល្អប្រសើរ​។​

​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្នើអោយ​អាជ្ញាធរ រាជ ធានី​ភ្នំពេញ ចូលរួម​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង លើ​២៤​ម៉ោង នៅតាម​មណ្ឌល​ប្រឡង ទាំងអស់ និង​ការពារ​សុវត្ថិភាព​នៅ​មណ្ឌល​ប្រឡង​ក្នង​រាជធានី​ភ្នំពេញ​រហូត ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ចំពោះ​អ្នកសង្កេតការណ៍​សំរាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ គឺ​អង្គភាព​ក រលួយ ដាក់​អ្នកសង្កេតការណ៍​ស្ម​គ្រ​ចិត្ត​ចំនួន​១.១១៤​នាក់ ទូទាំង​២៥​មណ្ឌល​ប្រឡង​។​

​ឯកឧត្តម​លើកឡើងថា គ្រប់​បេក្ខជន​ប្រលង និង​អ្នកពាក់ព័ន្ធ​នានា បើ​ធ្វើអោយ​បែកធ្លាយ វិញ្ញាសារ​ជា​សាធារណៈ គឺ​ជាប់ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​អោយ​ខាង​តែ បាន​។
​ភាព​សំងាត់ នៃ​វិញ្ញាសារ​ប្រលង ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន អោយ បេក្ខជន​ប្រលង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រូ​អនុរក្ស និង​អ្នកពាក់ព័ន្ធ​នានា ហាម​ដាច់​ការ ថត វិញ្ញាសារ និង​ការរក្សា​ភាព​សំងាត់​នៃ​វិញ្ញាសារ​ដែល​សូម្បីតែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត អោយ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់បាន ក៏ត្រូវ​មានទោស​ដូចគ្នា​ដែរ​៕