រាជរដ្ឋាភិបាល​អញ្ជើញ​បក្ស​ទាំង​១៩​ចូលរួម​ពិគ្រោះ​យោបល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅ​គណបក្ស​ទាំង​១៩ ដែល​មិន​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ឱ្យ​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​ហើយ​កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៨ ដែល វេទិកា​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។

​តាម​លិខិតអញ្ជើញ​ដែល​ចុះហត្ថលេខា​ដោយ ឯ​.​ឧ​. ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦ ខែសីហា បានឱ្យដឹងថា វេទិកា នេះ នឹង​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ដូចជា ៖

១. សុន្ទរកថា​បើក​វេទិកា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​
២. ការចូលរួម​យោបល់​ពី​គណបក្សនយោបាយ​នានា​
៣. បញ្ហា​ផ្សេងៗ​
៤. ពិសា​បាយ​សាមគ្គី​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៥ ខែសីហា​កន្លងទៅ សម្តេច ហ៊ុន សែន បានប្រកាស​ពី​គម្រោង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​ដែល​មិន​ទទួលបាន​អាសនៈ នៅមុន​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​នាពេល​ខាងមុខនេះ​។ សម្តេច​បាន​មានប្រសាសន៍ថា ការបង្កើតឡើង​នូវ​វេទិកា​ពិគ្រោះ​យោបល់​នេះ គឺ​នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​កិច្ចការ​ប្រទេស ជាតិ ក្នុងនោះ​គឺ​រួមទាំង​សេចក្តីព្រាងច្បាប់​សម្រាប់​ប្រើប្រាស់​ផងដែរ​៕