ប៉ោយប៉ែត ៖ ឃាតករចំនួន ២ នាក់ ដែលបានបាញ់សម្លាប់បុរសម្នាក់ក្នុងរឿងស្នេហាត្រីកោណត្រូវបានកំលាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយក្រុមតម្រួតថៃតាមចាប់ខ្លួនយកមកវិញដើម្បីប្រឈមមុខនិងផ្លូវច្បាប់បន្ទាប់ពីជនសង្ស័យទាំង ២ នាក់នេះបានរត់គេចខ្លួនទៅសំងំនៅក្នុងប្រទេសថៃ ។
រយៈពេលប្រមាណ ៥ ថ្ងៃកន្លងទៅថ្មីៗនេះ លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកំលាំងក្នុងនោះក៏មានលោក ឈឿង គឹមសុង នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានចុះសហការជាមួយកំលាំងតម្រួតថៃតាមរុករកមុខសញ្ញាសង្ស័យចំនួន២នាក់ ដែលជាឃាតករបាញ់សម្លាប់បុរសម្នាក់ដែលមានមុខរបរជាអ្នកដឹកទឹកកកលក់ នៅភូមិតាង៉ែន.ឃុំតាគ្រាម.ស្រុកបាណន់ ខេត្តបាត់ដំបង។
ការបាញ់សម្លាប់ដោយគ្មានមូលហេតុនេះគឺប្រភពជាច្រើនបានសន្និដ្ឋានថាអាចជារឿងស្នេហាត្រីកោណ ដោយសារតែជនរងគ្រោះទើបនឹងរៀបការថ្មោងថ្មីហើយការបើករថយន្តមកឈប់ពាំងពីមុខរថយន្តដឹកទឹកកកដើម្បីបាញ់សម្លាប់នេះបានប្រព្រឹត្តឡើងនៅចំណុចវាលអន្ទង់ ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ។
ក្រោយពីចាប់ខ្លួនបានគឺភាគីថៃ បានធ្វើការប្រគល់ជនសង្ស័យទាំង ២នៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ដែលដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដោយជនសង្ស័យ ទាំង ២ រូបនេះ គឺ១-ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុកកំណើត ភូមិ ត្រោក ឃុំប្រធាតុស្រុក កំពង់ត្របែង ខេត្ត ព្រៃវែង និង ២-ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើត នៅ ភូមិ គ្រើល ឃុំអន្សោង ស្រុក កំពង់ត្របែង ខេត្ត ព្រៃវែង ។
ពាក់ព័ន្ធនឹងបទឃាតកម្មដោយចេតនា គិតទុកជាមុន នេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅខេត្តច័ន្ទបុរី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នជនសង្ស័យទាំង ២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តតាមនីតិវិធី៕