កំពងស្ពឺ ៖ លោក សែម វុឌី នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបាននិយាយអោយដឹងតាមទូរសព្ទ័ថានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះទឹកហូរកាត់ផ្លូវជាតិលេខ៤មានការស្រកចុះរហូតដល់30%ហើយ អាចអោយរថយន្តធំតូចបើកបរចរាចរណ៍លើផ្លូវជាតិលេខ៤បានវិញហើយ ខណៈដែលនៅម្តុំស្ទឹងសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កំពុងតែផ្អាកចរាចរណ៍លើផ្លូវជាតិលេខ៤នៅឡើយទេនោះ។
គួររំលឹកដែលថា ដោយសារមានភ្លៀងធ្លាក់ច្រើន បង្កឲ្យជន់លិចហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ស្ថិតក្នុងភូមិ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថានភាពបែបនេះ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ ដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ តាមការឲដឹងពីមន្ដ្រីជំនាញឧត្ដុនិយម ថាបើភ្លៀងនៅ តែបន្ដធ្លាក់ទឹកនៅលើភ្នំកាន់តែច្រើន គឺកំណាត់ផ្លូវជាតិលេខ ៤ ប្រាកដជារងការជន់លិច បន្តទៀតកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នេះក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ទឹកភ្លៀងជន់លិចហូរកាត់លើកំណាត់ផ្លូវជាតិលេខ ៤ មានចំនួន ០៣ កន្លែងផ្សេងគ្នា ក្នុងនោះ ៖
គោលដៅទី ១ ៖ ចំណុចស្ពានអូរគគីចន្លោះ គីឡូម៉ែត្រលេខ ១០៦ទៅលេខ១០៧
គោលដៅទី ២ ៖ ចំណុចខាងលិចផ្សាត្រែងត្រយឹង ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ៩០ទៅលេខ៩១ ។
គោលដៅទី ៣ ៖ ចំណុចខាងកើតផ្សាត្រែងត្រយឹង ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៨៧លេខ៨៨ ។
ចំណុចទាំង ៣ ខាងលើ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ ឆ្លងកាត់ទីនោះជាបណ្តោះអាសន្ន រថយន្ត ធំៗផ្អាក តែរថយន្ដប្រភេទទេសចរណ៍ ធ្វើដំណើរឆ្លងកាត់បាន មកដល់ម៉ោង ១៦ និង ០០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ កំណាត់ផ្លូវជាតិលេខ ៤ ត្រូវបានអនុញ្ញាតិឲ្យឆ្លងកាត់វិញ ប៉ុន្តែបើស្ថានភាពទឹក ភ្លៀងបន្ដធ្លាក់មកទៀត ប្រាកដណាស់ទឹកអាចជន់លិច ផ្លូវជាតិលេខ ៤ ម្ដងទៀត ចរាចរណ៍គឺអាចផ្អាកមិនអោយធ្វើសកម្មភាពឆ្លងកាត់ជាបណ្ដោះអាសន្នសិន ប៉ុន្តែនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ លោក សែម វុឌី នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំត្រែងត្រយឹងនិយាយថាចរាចរណ៍បានបើកអោយដំណើរការដដែល ខណៈដែលទឹកស្រក30%ហើយនោះ៕