ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែសីហា នេះ មានគណបក្សនយោបាយចំនួន១៦ បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ រីឯគណបក្ស៤ទៀត បានឆ្លើយតបថា នឹងមិនចូលរួមវេទិកានេះទេ។ នេះបើតាមលោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គណបក្សទាំង៤ ក្នុងចំណោមគណបក្សទាំង១៩ ដែលនឹងមិនចូលរួមវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ សីហានេះ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើមប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ (គណបក្ស៣នេះ ឆ្លើយតាមលិខិត) និងគណបក្សមាតុភូមិយើង (ឆ្លើយតាមប្រព័ន្ធផ្សព្វផ្សាយ )។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «គម្រោងបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត បង្ហាញឲ្យឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ និងជាការចូលរួមផ្តល់នូវមតិយោបល់ច្រើន ដែលនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើន សម្រាប់អភិវឌ្ឍន៍ជាតិ៕