ថោង សារ៉ាត់ បដិសេធ​ពី​ការ​សូក ប៉ាន់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2015 ក+ ក-

​ភ្នំពេញ​៖ ករណី​យកលុយ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក មក​សូកប៉ាន់ ដែល​ផ្សព្វផ្សាយ​តាមរយៈ​ខ្សែ​វីដេអូ​មួយ ប៉ុន្តែ ថោង សារ៉ាត់ បាន​បដិសេធ​គ្រប់​ចំណុច​ហើយ​ថា មិនបាន​សូកប៉ាន់​អ្នកណា​ទេ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង​ដោះលែង ឪពុកម្តាយ ចេញពី​ពន្ធនាគារ​។​

​ថោង សារ៉ាត់ បដិសេធ​នេះ បានធ្វើ​ឡើង ខណៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​)​បាន​សួរនាំ​។​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ​.​ប​.​ព ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ថា ក្រោយពេល​មាន​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ លោក​ឧកញ៉ា ថោង សារ៉ាត់ បានចេញ​ខ្សែ​វីដេអូ​មួយ​ស្រែកថា សូកប៉ាន់​អស់​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​។​

លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា “​នេះ​ជា​ជួង​មួយ ដាស់ អ​.​ប​.​ព ឲ្យ​ចាប់ផ្តើម​ធ្វើការ​ហើយ ខ្ញុំ និង​តុលាការ នគរបាល ក៏​ចាប់ផ្តើម​សង្ស័យ​ដែរ​។ ខ្ញុំ​ថា ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ដោយ​សម្ងាត់ ចាប់តាំងពី​ពេល នោះមក​។ អីចឹង នៅពេលដែល ថោង សារ៉ាត់ មកវិញ យើងខ្ញុំ​មាន​ភារកិច្ច​ត្រូវ​សួរ ដើម្បី​សួរ​បំភ្លឺ​គាត់ យក​ភស្តុតាង​ពី​គាត់ ថា​គាត់​ចាយ​អស់​ប៉ុន្មាន អ្នកណា​ជា​អ្នកយក​លុយ​ទៅ​ឲ្យ​គេ អ្នកណា​ជា​អ្នកទទួល​។ ប៉ុន្តែ​ការ​សួរ​ប៉ុន្មាន​ម៉ោង ៣-៤ ម៉ោង ទៅលើ ថោង សារ៉ាត់ នោះ គឺ​គាត់​បានធ្វើ​ការបដិសេធ​ថា មិនបាន​ឲ្យ​លុយ​ទៅ​អ្នកណា​ទេ​”​។​

​លោក ឱម យ៉ិនទៀង បាន​លើកឡើងថា “​យើងខ្ញុំ​ត្រូវ​រក​ភស្តុ​ង​តាង តើ​ភស្តុតាង គាត់​មាន​ឲ្យ ឬ​ភស្តុតាង​គាត់​អត់​មាន​ឲ្យ​មែន ឬ​យ៉ាងម៉េច​ទៀត នេះ​ជា​ភារកិច្ច​រក​ភស្តុតាង​បន្តទៀត​។ មិន​សាមញ្ញ​ទេ រឿង​គេ​កើត​ហើយក៏​ពិបាក គេ​មិនទាន់​ដឹងខ្លួន​ក៏​ពិបាក ចុះ​ទំរាំ​គេ​ដឹងខ្លួន​ទៀត ប៉ុន្តែ​យើង​នៅតែ​បន្ត មិនមែន​ថោង សារ៉ាត់ ជា​មនុស្ស​ទី​១​ទេ ថោង សារ៉ាត់ ជា​មនុស្ស​ទី​៩ ដែល អ​.​ប​.​ព បាន​ស្តាប់​និង​សួរនាំ ហើយ​យើង​នៅ​ត្រូវការ​អ្នក​សួរនាំ​ប៉ុន្មាន​នាក់​ថែមទៀត ដើម្បី​លូក​រក​ភស្តុតាង ដើម្បី​លូក​រក​ឯកសារ ដោយ​មិន​បំពាន​លើ​ច្បាប់​។ ចាប់តាំងពី​ដំណើរការ​មកដល់ពេលនេះ ឯកសារ​មាន​ចង់​កន្លះ​ទូរ​ហើយ ហើយ​ឯកសារ​ខ្លះ​អាច​ប្រើប្រាស់​បាន និង​ឯកសារ​ខ្លះ​មិនអាច​ប្រើប្រាស់​បាន​”​។​

លោក​បាន​បន្តថា “​នៅពេលដែល​ស្តាប់​ចម្លើយ​របស់ ថោង សារ៉ាត់ គឺ​គាត់ បានប្រកែក​គ្រប់​ចំណុច នៃ​ការ​សូកប៉ាន់ ហើយ​គាត់​ថា មិនបាន​សូកប៉ាន់​អ្នកណា​ទេ​”​។​

​សូមបញ្ជាក់ថា លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៥ នៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​បាវិត​) ខេត្តស្វាយរៀង​។​

លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន និង​រក្សា​ខុសច្បាប់​” ក្នុង​សំណុំរឿង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប្រព្រឹត្ត​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈ ពេល លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ហើយ ថោង សារ៉ាត់ ត្រូវបាន យកទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

Sarat-thong-fpm