ថៃ ៖ នៅស្រុកបាងខ្លាវ ប្រទេសថៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីរថយន្ត Mazda bt-50 pro ពីរបាំងមួយគ្រឿង បានបង្កគ្រោះថ្នាក់ដោយបើកបុកដើមឈើក្បែរ ជញ្ចើមផ្លូវបណ្ដាលឲ្យពលករខ្មែរចំនួន៣នាក់ រងរបួសធ្ងន់ និងតៃកុងជនជាតិថៃស្លាប់ម្នាក់នៅកន្លែងកើតហេតុ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិ ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំង វ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងពេលកើតហេតុ មានករណីរថយន្ត Mazda bt-50 pro ពីរបាំងមួយគ្រឿង បានបើកបេរយ៉ាងលឿន ហើយរេចង្កូតធ្លាក់ផ្លូវ និងបុកដើមឈើធំមួយនៅក្បែរចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យពលករខ្មែរចំនួន៣នាក់រងរបួសធ្ងន់ និងតៃកុងថៃស្លាប់ ម្នាក់ផងដែរ នៅកន្លែងកើតហេតុ។ អាជ្ញាធរថៃ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណពលរដ្ឋខ្មែរដែលរងគ្រោះថ្នាក់នោះនៅឡើយទេ។
បច្ចុប្បន្នពលករខ្មែររងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាងខ្លាវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ៕