ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនឲ្យបញ្ឈប់នូវសកម្មភាពបង្ហោះចែករំលែកវិញ្ញាសា និងអត្រាកំណែមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងអប់រំ បានលើកឡើងថា ការបង្ហោះ និងចែករំលែកវិញ្ញា និងអត្រាកំណែនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្ដទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្ដទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ទំព័រ Facebook ដែលកំពុងធ្វើសកម្មភាពនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន។ ក្រសួងអប់រំ បានព្រមានថា ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្ដក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការ មិនទាន់ត្រូវបានបញ្ចប់ ក្រសួង នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕