ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ សរុបទំងន់ទាំងអស់ប្រមាណ ១៧តោន នៅផ្ទះលេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ម្ចាស់ទីតាំងនេះ មានឈ្មោះ សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញទីតាំងខាងលើនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន ៖ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងម៉ាក Win winចំនួន ១៤០បាវ ប៊ីចេងច្រករួច (500g) ចំនួន៣២បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន ៤៧កេស ប៊ីចេងរូបវែក (250g) ម៉ាស៊ីន ដេរម៉ាត់បាវ ០២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ០២គ្រឿង ជញ្ជីងថ្លឹង ០២ គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទម្ងន់ទាំងអស់ប្រមាណ១៧តោន ។
ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសម្រេចដកហូត និងរក្សាទុកក្លុំបេបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងលោកស្រី សុខ វួចលីន អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕