ភ្នំពេញ ៖ សម្តេចតេជោ បញ្ជាក់យ៉ាងដាច់ណាត់ថា គ្មានឡើយការដោះលែងជនណាម្នាក់ ក្នុងសំណុំរឿងក្បត់ជាតិជាដាច់ខាត ហើយបានដាក់បញ្ខាឲ្យសមត្ថកិច្ចនៅខេត្តត្បូងឃ្មុំ ត្រៀមដាក់ខ្នោះលោក ណុប ប៊ុនហ៊រ ប្រធានក្រុមការងារខណ្ឌចំការមន ដែលកំពុងគៀងគរសកម្មជនដទៃទៀត ឲ្យទៅចាំទទួលលោក កឹម សុខា ដែលលោកបំផុសថានឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី៣០ សីហា ស្អែកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន ៤ពាន់នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ សីហានេះ។ សម្តេច បញ្ជាក់ច្បាស់ៗថា គ្មានការដោះលែងពិរុទ្ធជនណាមួយក្នុងសំណុំរឿងក្បត់ជាតិពី ពន្ធនាគារត្រពាំងផ្លុងនោះឡើយ ព្រោះតុលាការមិនទាន់បានកាត់ទោសពិរុទ្ធ ជននោះឡើយ។ ទោះបីជាការថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជាពិរុទ្ធជនរូបណាក្តី ក៏គេដឹងថាជាលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ក្នុងសំណុំរឿងក្បត់ជាតិនោះដែរ។
សម្តេចតេជោ ថែមទាំងបញ្ជាឲ្យសមត្ថកិច្ចខេត្តត្បូងឃ្មុំ ត្រៀមវាយខ្នោះមនុស្សម្នាក់ឈ្មោះ ណុប ប៊ុនហ៊រ ដែលកំពុងតែប្រមែប្រមូល សកម្មជនជាច្រើននាក់ទៅទទួលលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ដោយលើកឡើងថានឹងត្រូវដោះលែងនៅថ្ងៃស្អែក ទី៣០ សីហា នេះ។
គួររំឭកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីក្នុងផ្ទះ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ។ កាលពីថ្ងៃទី២២ សីហា កន្លងទៅ នេះ តុលាការកំពូលបានតម្កល់ការឃុំខ្លួនលោក កឹម សុខា តាមសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ហើយនៅថ្ងៃទី៣០ ខែសីហា នេះ តុលាការ បានកោះអញ្ជើញមេធាវីដើម្បីចូលរួមសវនាការសំណុំរឿងលោក កឹម សុខា នៅនឹងកន្លង ពោលគឺធ្វើនៅក្នុងពន្ធនាគារត្រពាំងផ្លុងតែម្តង៕