ភ្នំពេញ ៖ ទីក្រុងស្អាត គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា តែផ្ទុយទៅវិញ នៅខាងក្រោយកាណាឌីយ៉ា ភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺពោពេញទៅដោយគំនរសម្រាមស្អុយរលួយ ដែលបញ្ជាក់ពីអត្តចរិករបស់អាជ្ញាធរមូលដ្ឋាន។
ពាក្យស្លោមួយឃ្លាថា “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ” ដែលក្រសួងបរិស្ថាននិងក្រសួងទេសចរ បានផ្សព្វផ្សាយឲ្យពលរដ្ឋជួយថែរក្សា និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ប៉ុន្តែការផ្សព្វផ្សាយពាក្យស្លោកនេះ ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ពោលគឺសង្កាត់ចោមចៅ១ ពោពេញដោយគំនរសម្រាម ស្ទើរគ្រប់ទីកន្លែង។
ប្រជាពលរដ្ឋលើកឡើងថា លោក កង វង អតីតសកម្មជនជាប់ឆ្នោតជាតំណែងចៅសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ តែក្រោយពីបក្សរបស់លោក ត្រូវបានរំលាយទៅ ក៏ចុះចូលមកគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីយកតំណែងជាចៅសង្កាត់ដដែល ហើយទង្វើរាល់ថ្ងៃរបស់លោក កង វង ដែលជាចៅសង្កាត់ចោមចៅ១ នេះ មិនដឹងថាជាមានចេតនាយ៉ាងនោះទេ ព្រោះកន្លងមក បើប្រជាពលរដ្ឋដែលចង់ទៅស៊ីញ៉េឯកសារទាល់តែកាន់ដុល្លារទៅទើបនិយាយគ្នាស្រួល ។
ប្រជាពលរដ្ឋរស់ជិតគំនរសម្រាមខាងលើបាននិយាយថា បច្ចុប្បន្នពួកគាត់លំបាករស់នៅខ្លាំងណាស់ ព្រោះតែខ្លិនស្អុយពីគំនរសម្រាមទាំងនោះ លើសពីទៀត ទីកន្លែងដែលពួកគាត់ធ្លាប់អង្គុយលេងបានប្រែក្លាយទៅតំបន់ពោពេញទៅដោយគំនរសម្រាម ទឹកស្អុយដែលមិនអាចអង្គុយលេងបានទៀតឡើយ។
ប្រភពដដែល បានអំពាវនាវដល់អាជ្ញាធរខណ្ឌ មេត្តាចុះមកមើលផង ព្រោះលោកចៅសង្កាត់ចោមចៅ១ កង វង មិនបានយកកចិត្តទុកដាក់ក្នុងរឿងនេះទេ ៕