ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាទោសបុរសជនជាតិអូស្ត្រាលី ឈ្មោះ James Ricketson អ្នកផលិតឯកសារភាពយន្តដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ដែលបង្ហោះដ្រូនក្នុងរាជធានីភ្នំពេញ ពីបទ “ចារកម្ម”។
ការសម្រេចនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ អស់រយៈពេល ៧ថ្ងៃរួចមក។
សូមជម្រាបថា លោក James Ricketson វ័យ៦៩ឆ្នាំ ជាផលិតករភាពយន្ត និងជាអ្នកកាសែតជនជាតិអូស្ដ្រាលី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានបង្ហោះដ្រូន (Drone) ថតយករូបភាព នៃការហែក្បួនឃោសនានយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ រយៈពេលជិត១៥ខែមកហើយ នៅពន្ធនាគារព្រៃ ស ដោយត្រូវបានចោទប្រកាន់ពីបទ “ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ” តាមបញ្ញត្តិមាត្រា ៤៤៦ និងមាត្រា ៤៣៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕