សៀមរាប ៖ លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវ បានដោះលែងពីពន្ធនាគារថ្មីៗនេះ បានទៅសាងផ្នួសនៅឯខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។
ដោយឡែកក្នុងអំឡុងពេលនេះដែរ លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលទើបចេញពន្ធនាគារដែរនោះ បានភៀសខ្លួនទៅក្រៅប្រទេសហើយ កាលពីថ្ងៃទី៣១ សីហា កន្លងទៅនេះ ជាមួយនឹងកូនស្រីម្នាក់ អាយុ ៦ឆ្នាំ ។ ព័ត៌មាននៃការភៀសខ្លួននេះ នៅក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យ មេធាវី នៃគណបក្សប្រជាជនកម្ពុជា ទារសំណង ៨០០លានរៀល តាមដីកាបង្គាប់របស់តុលាការ។
គួររំលឹកថា លោក មាជ សុវណ្ណារ៉ា ទើបត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែង ទោស ស្របតាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។លោក មាជ សុវណ្ណារ៉ា ត្រូវបានឃុំខ្លួនអស់រយៈពេលជាង៤ឆ្នាំនៅក្នុងពន្ធនាគារក្រោយ ត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធ នឹងការដឹកនាំធ្វើបាតុកម្មដែលផ្ទុះជាហិង្សារនៅស្ពាននាគ កាលពីឆ្នាំ២០១៤។
នៅប៉ុន្មានថ្ងៃក្រោយការដោះលែងនេះ លោក មាជ សុវណ្ណារ៉ា និងក្រុមសកម្មជនអតីតបក្ស ប្រឆាំងចំនួន១៣នាក់ផ្សេងទៀត បានទៅស្រោចទឹកប្រោះព្រុំនៅវត្តចាស់ ស្ថិតនៅខណ្ឌជ្រោយ ចង្វារ ហើយនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក មាជ សុវណ្នារ៉ា បានសម្រេចទៅសាងផ្នួសជាព្រះសង្ឃ នៅវត្តដំណាក់ ក្នុងទឹកដីខេត្តសៀមរាប ។
ទំព័រហ្វេសប៊ុកឈ្មោះ មាជ សុវណ្ណារ៉ា បានបង្ហោះរូបភាពសាងផ្នួស អមដោយសារខ្លី ថា គោលដៅសាងផ្នួសរបស់លោកគឺ ដើម្បីបិណ្ឌបាត្រ បញ្ចប់ហិង្សានយោបាយបញ្ជ្រាបមេត្តាធម៌ ដោយបញ្ឈប់នូវវប្បធម៌គំរាម សម្លាប់-ចាប់ដាក់គុក និងរត់ចោលស្រុក ជាដើម ។
សូមជម្រាបថា ពេលចេញពីពន្ធនាគារភ្លាម លោក មាជ សុវណ្ណារ៉ា បានប្រកាសថា នឹងបន្តធ្វើនយោបាយ ជាបន្តទៀត ពីព្រោះលោកជាប់គុកដោយសារបញ្ហានយោបាយ ដូច្នេះលោកត្រូវបន្តធ្វើនយោបាយ ស្រាប់តែពេលនេះ បែរជាលោក មាជ សុវណ្ណារ៉ា ទៅសាងផ្នួសទៅវិញ៕