កណ្តាល៖កុមារាអាយុ៦ឆ្នាំម្នាក់ត្រូវម្តាយបង្កើតរបស់ខ្លួនវាយដំរួចយកដែកស្មាព្យួរខោអាវទៅកួចរុំចងដៃចងជើង។ដោយសារឃើញភាពអមនុស្សធម៌របស់ម្តាយទៅលើកូនបែបនេះជីតារបស់កុមារានោះបានប្តឹងឲយសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗដែរ។
អ្នកភូមិបានប្រាប់ឲ្យដឹងថា ស្ត្រីជាម្តាយ បានចាប់កូនប្រុសរបស់ខ្លួនម្នាក់ ចងដៃ ចងជើងទៅក្រោយ រួចវាយ និងបានយកទំពក់ព្យួរខោអាវមកចងស្លាបសេក តែភ្លាមនោះ ជីតាជនរងគ្រោះ ដែលត្រូវជាឪពុក របស់ជនសង្ស័យឃើញ ក៏បានប្តឹងនគរបាល អោយជួយអន្តរាគមន៍។
ហេតុការណ៍អំពើហិង្សាលើកុមារនេះ បានកើតឡើងនៅ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១៤ និង ៤០នាទី ស្ថិតនៅចំណុច ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីជាម្តាយមានឈ្មោះ សុខ វណ្ណា ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរនៅផ្ទះ ត្រូវជាម្តាយជនរងគ្រោះ។ ចំណែក ជនរងគ្រោះឈ្មោះ ឆាន់ លីហេង ភេទប្រុស អាយុ ០៦ឆ្នាំ រស់នៅភូមិ កើតហេតុ មុខរបរសិស្ស។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជនសង្ស័យ បានខឹងនឹងកូនរបស់ខ្លួនរពឹសពេក ហើយចងដៃកុមាររងគ្រោះ ស្លាបសេក និងចងជើង ហើយជីតាជនរងគ្រោះឃើញ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមមៀនឲ្យជួយអន្តរាគមន៍ និងសំណូមពរ ឲ្យសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់៕