ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាលបានចេញសាលក្រមរដ្ឋប្បវេណីលេខ ៥៦ ជជ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ ដោយលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល សម្រេចឲ្យប្រជាពលរដ្ឋចំនួន ៦ គ្រួសារចាញ់ក្តីក្រោមបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ម៉ាន់ មន ភេទស្រី អាយុ ៥៧ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។ ប្រជាពលរដ្ឋទាំង ៦ គ្រួសារបានលើកឡើងថា សាលក្រមនេះមិនយុត្តិធម៌ទេ ពួកគាត់នឹងបន្តប្តឹងទៅសាលាឧទ្ធរណ៍ ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនដែលមានទំនាស់ជាមួយឈ្មោះ ម៉ាន់ មន ទេ កាលដើមឡើយ ម៉ាន់ មន តែងតែចេញចូលផ្ទះសម្បែងនិងនិយាយលេងសើចជាមួយពួកគាត់ ហើយកាលដែលពួកគាត់សាងសង់ផ្ទះសម្បែងតាំងពីឆ្នាំ ២០០៥ ក៏ឈ្មោះ ម៉ាន់ មន សូម្បីតែអាជ្ញាធរមិនដែលមកឃាត់ដែរ ។
ទើបតែក្នុងឆ្នាំ ២០១៨ នេះស្រាប់តែឈ្មោះ ម៉ាន់ មន ចេញមុខប្តឹងពួកគាត់តែម្តង ដោយសំអាងលើឯកសារសរសេរដោយដៃរបស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍មួយសន្លឹក ដែលសរសេរបញ្ជាក់ថា ប្រគល់ដីរបស់ក្រុមហ៊ុនទំហំទទឹងជាប់ផ្លូវ ៧៦ ម៉ែត្រ ជម្រៅ ២០ ម៉ែត្រ ។ ប៉ុន្តែឈ្មោះ ម៉ាន់ មន អត់ដឹងក្បាលដីរបស់ខ្លួនដែលក្រុមហ៊ុនប្រគល់ឲ្យមានប៉ុន្មានផងណឹង ។
ប្រជាពលរដ្ឋបញ្ជាក់ថា ក្បាលដីពួកគាត់ទាំង៦ គ្រួសារ សរុបមានតែជា ៥០ ម៉ែត្រប៉ុណ្ណោះ ក្រៅពីនេះដីប្រជាពលរដ្ឋផ្សេងទៀតសុទ្ធតែមានប្លង់រឹងទាំងអស់ ។ ម្ចាស់ដីមិនដឹងក្បាលដីរបស់ខ្លួនមានប៉ុន្មានម៉ែត្រផង ហើយសំអាងតែលិខិតសរសេរដោយដៃមួយសន្លឹករបស់ក្រុមហ៊ុនថាក្រុមហ៊ុនប្រគល់ដីឲ្យ ចំណែកពួកគាត់មានឯកសារទិញលក់ដែលមានលោកប្រធានភូមិទទួលដឹងឮថែមទៀត ។
ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ឯកសារដីធ្លីរបស់ពួកគាត់មូលហេតុដែលមិនមានការទទួលស្គាល់ពីមេឃុំដោយសារកាលណោះជីវភាពក្រលំបាកមិនមានលទ្ធភាពរត់ការស៊ីញ៉េទទួលស្គាល់ពីមេឃុំបានទេ ។
ដោយឡែកប្រជាពលរដ្ឋផ្សេងទៀតដែលមានក្បាលដីជាប់ៗគ្នាគេមានលទ្ធភាពដីរបស់គេឃុំបានស៊ីញ៉េទទួលស្គាល់ ហើយធ្វើប្លង់រឹងបានទៀត ។ អ្នកដែលមានប្លង់រឹងក្រុមហ៊ុនមិនហ៊ានរករឿងប្តឹងផ្តល់ទេ ក្រុមហ៊ុនប្តឹងតែប្រជាពលរដ្ឋណាមានដីគ្មានឯកសារនិងមានឯកសារត្រឹមស៊ីញ៉េទទួលស្គាល់ពីមេភូមិដូចពួកគាត់និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត។
ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែមិនអស់ចិត្តដោយយល់ឃើញថា តុលាការខេត្តកណ្តាលចេញសាលក្រមឲ្យពួកគាត់ចាញ់ក្តីទាំងអយុត្តិធម៌ ដូច្នេះហើយទើបពួកគាត់សម្រេចចិត្តប្តឹងទៅសាលាឧទ្ធរណ៍ និង ស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយខណៈពួកគាត់ជាប្រជាពលរដ្ឋក្រីក្រមានតែសម្បកផ្ទះនិងដីលំនៅឋានតែមួយកន្លែងដែលពួកគាត់បានទិញពីគេតៗគ្នា ។ បើសិនចាញ់ក្តីហើយត្រូវតុលាការរឹបអូសយកទៀតនោះតើពួកគាត់សង្ឃឹមអីទៀត ។
សម្តេចមិនធ្វើឲ្យប្រជាពលរដ្ឋដាច់បាយស្លាប់ទេ ប៉ុន្តែអ្នកមានអំណាច អ្នកមានលុយអាចធ្វើឲ្យពួកគាត់ដាច់បាយរហូតដល់ស្លាប់ ៕