ភ្នំពេញ ៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនៅកម្ពុជា កំពុងកើតមាននៅលើអាងទន្លេមេគង្គនោះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញរបាយការណ៍ព្យាករណ៍អាកាសធាតុ ដោយបានអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងខេត្តចំនួន៨ បង្កើនការប្រុងប្រយ័ត្នចំពោះការធ្លាក់ភ្លៀងខ្លាំង ដែលអាចនឹងបង្ក ជាជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ខេត្តទាំង៨ នោះ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ សៀម រាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ក្រៅពីខេត្តទាំង៨ ខាងលើនេះ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គ និងទន្លេបាសាក់ គិតមកត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ទឹកបានបន្តស្រកចុះជាបន្ត បន្ទាប់ ក៏ប៉ុន្តែការប៉ះពាល់បានកើតឡើងនៅប្រាំបួនខេត្ត រាជធានី ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ សរុបកើនដល់ជាង១០ម៉ឺនគ្រួសារ , អ្នកស្លាប់កើនដល់ ៣៧នាក់ និងស្រូវសន្ទូង ស្រូវពង្រោះសរុបជាងបួនម៉ឺនហិកតា ត្រូវជន់លិច ក្នុងនោះ ក៏មានផ្លូវលំប្រមាណ ១.២០០ គីឡូម៉ែត្ឬ ត្រូវទឹកជន់លិច ផងដែរ៕