បុគ្គលិក​សាលា​ពេទ្យ​ម្នាក់​ស្លាប់​ក្នុង​អគ្គីភ័យ​បង្កប់​ដោយ​មន្ទិល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖បុគ្គលិក​សាកលវិទ្យាល័យ​វិទ្យា សាស្ត្រ​សុខាភិបាល​ម្នាក់ បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គីភ័យ​យ៉ាង​រន្ធត់ នៅ​ព្រឹក​ថ្ងៃទី​៨ ឧសភា នេះ​។ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ឆ្លង​ចរន្តអគ្គិសនី ដូច​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​នោះឡើយ ព្រោះ​សព​ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ឆេះ​ខ្លោច​អង្គុយ​លើ​កៅអី ។​

​សមត្ថកិច្ច​កំពុងបើក​ប្រតិបត្តិ​ស៊ើបអង្កេត និង​ធ្វើ​កោសល្យវិច័យ ចំពោះ​សាកសព​បុរស​ម្នាក់ ដែល ស្លាប់​ក្នុង​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​នៅក្នុង​បន្ទប់​នៃ អគារ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ បុរស​បាត់បង់​ជីវិត​ក្នុង​ភ្នក់ភ្លើង​នោះ គឺជា​បុគ្គលិក​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​វ័យ​៣៤​ឆ្នាំ ឈ្មោះ ហ៊ុយ សៀក ។ នេះ​ជា​ករណី​ស្លាប់​ក្នុង​អគ្គីភ័យ​មួយ គិត​ចាប់ពី​ខែមករា ២០១៥ មក​។​

​រហូតមកដល់​ពេលនេះ សមត្ថកិច្ច មិនទាន់​ធ្វើការ​សន្និដ្ឋាន​ករណី​អគ្គីភ័យ​នេះ ថា បណ្ដាលមកពី មូលហេតុ​អ្វី​នៅឡើយ​។ ទាក់ទិន​ករណីនេះ ប្រធានការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក នេ​ត វ​ន្ថា មានប្រសាសន៍ថា​៖ «​យើង​អត់​ទាន់​ហ៊ាន សន្និដ្ឋាន​ទេ ព្រោះ​ចម្លែក និង​ចាប់អារម្មណ៍​បំផុត​នោះ ថា​ហេតុ​អី​បាន​ភ្លើង​ឆេះ ហើយ​បុរស​ជនរងគ្រោះ​នោះ មិន​ជម្លៀស ឬ​រត់​ចេញពី​បន្ទប់​ដែល​កំពុងធ្វើការ​។ រីឯ​ការស្លាប់​អង្គុយ​លើ​កៅអី​នេះ ជា ចម្ងល់​មួយ​ថា តើ​គាត់​ស្លាប់​មុន​ភ្លើង​ចេះ ឬក៏​យ៉ាងណា​។ ដូច្នេះ​ករណីនេះ ត្រូវតែ​តែ​ធ្វើ​កោសល្យវិច័យ ទៅលើ​សាកសព​នេះ​បន្ទាន់ ដើម្បី​ឈានទៅរក​មូលហេតុ​នៃ​អគ្គីភ័យ​នេះ​»​។​

​លោក​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​នេះ បានកើត​ឡើង​នៅ​ម៉ោង​៦ និង​១៨​នាទី​ព្រឹក ហើយ​ពន្លត់​បាន ភ្លាមៗ​ដែរ​។​

​បើតាម​តួលេខ​ពី​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញថា គិត​ចាប់ពី​ខែមករា​២០១៥ រហូតដល់​ថ្ងៃទី​៨ ឧសភា​នេះ គ្រោះ​អគ្គីភ័យ បាន កើតឡើង ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៦២​លើក បណ្ដាល​របួស​១​ម្នាក់ និង​ស្លាប់​ម្នាក់ ។ ចំនួន​នេះ បាន​កើនឡើង​ជាង​២០​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​មានតែ​ជាង​៤០​ករណី ហើយ​ពុំមាន​អ្នកស្លាប់ និង​របួស​ទេ​។ លោក នេ​ត វ​ន្ថា អះអាងថា គ្រោះ​អគ្គីភ័យ​ភាគច្រើន គឺ​កើតឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​៕

asaz1