រន្ទះបាញ់​ស្លាប់​សត្វ​គោ​ញី​ឈ្មោល ៩​ក្បាល នៅ​ស្រុក​សំបូរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ខេត្តក្រចេះ ៖ សត្វ​គោ​ញី​ឈ្មោល​តូចធំ​ចំនួន​៩​ក្បាល ក្នុងចំណោម​ជាង​៧០​ក្បាល​របស់​ប្រជាកសិករ រស់នៅ​នៅ​ខាងក្រោយ​ភូមិ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​រន្ទះបាញ់​ប្រកាច់​ងាប់​ភ្លាមៗ រដូករណែល​ទាំង​ខ្សែចំណង ខណៈ​មេឃ​មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង កាលពី រសៀល​ថ្ងៃទី​១០ កញ្ញា នេះ​។

​ក្នុង​ហេតុការណ៍​រន្ទះបាញ់ លាន់លឺ​កក្រើក​ដី​បន្ទាប់ពី​មេឃ​មាន​ភ្លៀង​និង​ខ្យល់​បក់​ខ្លាំង ត្រូវបាន​អាជ្ញាធរ ស្រុក​ព្រែក​ប្រសព្វ អះអាងថា ជា​គ្រោះធម្មជាតិ​មួយ​បាន​បណ្តាលឱ្យ​សត្វ​គោ​ញី​ឈ្មោល​ចំនួន​៩​ក្បាល ក្នុងចំណោម​ហ្វូង គោ​ចំនួន​៧២​ក្បាល ដែល​ចង​ក្នុង​ក្រោល​តែមួយ​នៅ​ខាងក្រោយ​ភូមិ​វឌ្ឍនៈ ក្នុងស្រុក​សំបូរ ងាប់​ដួល​រដូករណែល​នៅក្នុង​ក្រោល​។

​នាយប៉ុស្តិ៍​នគរបាល​ឃុំ​វឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិ​ដ្ឋ បានឱ្យដឹងថា សត្វ​គោ​ទាំងនេះ​មាន​ម្ចាស់​ឈ្មោះ យ៉ុ​ន សុខា អាយុ​៤៨​ឆ្នាំ ជា​កូន​របស់លោក​មេឃុំ ដែល មាន​ចិញ្ចឹម​គោ​ច្រើនជាងគេ​នៅក្នុង​ឃុំ​នេះ​។

​លោក​ថា ក្នុង​ហេតុ​ការ​ឧ​ប្ប​តិ្ត​ហេតុរ​ន្ទៈ​បាញ់​នេះ ក្រៅពី​គោ​ញី ឈ្មោល ចំនួន​៩​ក្បាល បាន​ងាប់​ភ្លាមៗ គឺ​មិនមាន​បណ្តាលឱ្យ​ជនណាម្នាក់​រងគ្រោះថ្នាក់​ទៀ​ត​នោះទេ ខណៈដែល គោ​ទាំងនោះ ត្រូវបាន​ម្ចាស់​យកទៅ​ចង​នៅក្នុង​ក្រោល​នៅក្រោម​ដើមឈើ​នៅក្រោយ​ភូមិ​។​

​ការ​ងាប់​របស់​សត្វ​គោ ដោយសារតែ​រន្ទះបាញ់​សម្លាប់​ដែល​អាជ្ញាធរ​ថា មិន​ធ្លាប់​កើត មាន​នេះ បានធ្វើឱ្យ​ពលរដ្ឋ​សម្តែង ការសោកស្តាយ​ជាខ្លាំង ខ​ណះ​ដែល​សត្វ​គោ ដែលជា​កម្លាំង​អូសទាញ​ដ៏​ចាំបាច់​សម្រាប់ វិស័យ​កសិកម្ម និង​ក៏​កំពុងមាន​តម្លៃ​ថ្លៃ​ផងដែរ​។​

​សូម​រំលឹកថា កន្លងទៅ​កាលពី​ខែសីហា ឆ្នាំ​២០១៦ នៅ​ស្រុក​សំបូរ ក៏​ធ្លាប់មាន​ករណីរ​ន្ទៈ​បាញ់ សម្លាប់សត្វ​គោ​បែបនេះ​ម្តង​រួចទៅហើយ​។ ដោយ​កាលណោះ​មាន​គោ​ញី​ឈ្មោល​ចំនួន ១៤​ក្បាល​ក្នុងចំណោម​ហ្វូងគោ​ជាង​ចំនួន​ជាង​៣០​ក្បាល របស់​ម្ចាស់​ឈ្មោះ ម៉ុ​ត ពឿ​ង អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក៏ត្រូវ​បានរ​ន្ទៈ​បាញ់សម្លាប់​បណ្តាល ឱ្យ​ប្រកាច់​ងាប់​ទាំង​ខ្សែចំណង ដូចគ្នា​៕