មន្ទីរពេទ្យគន្ធបុប្ផាបើកឲ្យសាធារណជនចូលគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner
ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផាទី១ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជ បណ្ឌិត បេអាត រីចឈ្នឺរ( Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា ពីពេលនេះ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ក្បែរវត្ដភ្នំ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមរំលែកទុក្ខ និងរំលឹកពីគុណ បំណាច់របស់លោក។
ចំណែក មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ គន្ធបុប្ផាទី៣ នៅខេត្តសៀមរាប នឹងបើកឲ្យសាធារណៈជនចូលរួមដាក់កម្រងផ្កា និងសំដែងមរណទុក្ខចំពោះវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងជន្មាយុ៧១ឆ្នាំ នៅទីក្រុង ហ្សួរិច ប្រទេសស្វីស ដែលជាស្រុកកំណើតរបស់លោក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទ១៥ ខែកញ្ញា ខាងមុខ៕