ក្រសួងបរិស្ថានព្រមានចាត់ការចំពោះការទន្ទ្រានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែកញ្ញា នេះ បានដាក់ចេញនូវវិធានការព្រមានអ្នកដែលធ្វើសកម្មភាពខុសច្បាប់មានដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម-រោង ការដាំដំណាំ និងការអាស្រ័យផល លើដីរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ចំណែក អ្នកដែលទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋ ដោយខុស ច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់ដូចគ្នាដែរ។
ក្រសួងបរិស្ថាន ក៏ព្រមានផងដែរថា ក្នុងករណីនៅតែល្មើសនឹងសេចក្តីណែនាំនេះ ក្រសួងបរិស្ថាន ដែលបានសហការជាមួយស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរួច ហើយនោះ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ទៅតាមផ្លូវច្បាប់៕