ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានកម្មកររោងចក្រកាត់ដេរ១ក្រុមប្រទះឃើញក្នុងខណៈពេលធ្វើដំណើរទៅធ្វើការ ឆ្លងកាត់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ។ ប៉ុន្តែមិនទាន់ដឹងថាជាករណីប្លន់សម្លាប់ឬក៏ជារឿងគំនុំនោះឡើយ គ្រាន់តែដឹងថាជាករណីឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់ច្រើនកន្លែង មិនតែប៉ុណ្ណោះជនសង្ស័យបានអូសសពចេញពីកន្លែងកើតហេតុទៅចោលលើដីវាលស្មៅចម្ងាយប្រមាណ២០០ម៉ែត្រទៀតផង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៍ខៀវនិងពាក់អាវផ្កាដៃវែងពណ៍ប្រផេះហើយមានស្នាមអារកនិងចាក់សម្លាប់ ។ ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុដំបូងនានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលមានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញមានឈាមនិងមួកសុវត្ថិភាព២ដ្ថិតនៅរប៉ាត់រប៉ាយនៅលើផ្លូវ។ ដោយមានការសង្ស័យបាននាំគ្នា រកមើលស្រាប់តែបានប្រទះឃើញសាកសពបុរសខាងលើដេកស្លាប់នៅលើវាលស្មៅទើបរាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលភ្លាមៗតែម្ដង។
បន្ទាប់មកនគរបាលប៉ុស្តិ៍ចុះទៅកាន់ទីនោះភ្លាមៗដែរហើយមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនៅឡើយ ប៉ុន្តែបើតាមការសន្និដ្ឋានដំបូងសង្ស័យថាជនរងគ្រោះស្លាប់ដោយសារតែអំពើឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់សម្លាប់៕