ករណី​ប្រើ​ហិង្សា និង​ចាប់​កោរសក់​ក្មេងស្រី​ម្នាក់​នៅ​ផ្សារ​ព្រៃទា ឡើងដល់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ក្នុងចំណោម​នុស្ស​៤​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ត្រូវ​តុលាការ​បង្គាប់ ឲ្យ​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ចាប់​នារី​វ័យក្មេង​ម្នាក់​វាយដំ និង​កោរសក់​ដោយ​ចោទថា ជា​ចោរលួច​ទូរស័ព្ទ នៅ ផ្សារ​ព្រៃទា ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១៨​។​

​ការឃាត់ខ្លួន​ជន​ដែល​ប្រើ​ហិង្សា នេះ បន្ទាប់ពី​បែកធ្លាយ​នូវ​វីដេអូ បង្ហាញ​ពី​សកម្មភាព​យ៉ាង​ឃោរឃៅ របស់ ក្រុម​ជនដៃដល់​បាន​ចាប់​នារី​វ័យក្មេង​ម្នាក់​វាយ​ជាន់ និង​ចាប់​កោរសក់ ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក ហើយ​ត្រូវបាន​ថ្កោលទោស​ពី​មហាជន​យ៉ាងខ្លាំង​។​

លោក​វរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ ពោធិ៍​សែន​ជ័យ បានអោយដឹងថា ជនដៃដល់ ដែល​ត្រូវ ឃាត់ខ្លួន ៣​នាក់​ជា​ឪពុកម្តាយ និង​កូន រួមមាន ១.​ឈ្មោះ សុង ហេង ជា​អ្នក​កោស​ក់ ,២. ឈ្មោះ ហុក គឹម​ហ៊​ន ជា​ម្ចាស់​ទូរស័ព្ទ និង​ជា​ម្តាយ​របស់​ឈ្មោះ សុង ហេង , ៣.​ឈ្មោះ ណាំង ណា​រិ​ទ្ធ ជា​ឪពុក​។​ចំណែក នារី ជនរងគ្រោះ ពុំ​ស្គាល់ឈ្មោះ​ឡើយ ដោយសារ​នាង​ទៅ​បាត់​។​

លោក​អធិការ បាន​អោយដឹងទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អំពើហិង្សា​ខាងលើនេះ នគរបាល​ខណ្ឌ ពោ​ធិ័​សែន​ជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ នៅវេលា​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០១៨ ហើយ​បាន​ហៅ​ជនសង្ស័យ​ចំនួន ៤​នាក់​ទៅ​សាកសួរ​។ បន្ទាប់ពី​សាល​សួរ​រួចមក សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​មនុស្ស ចំនួន​៣​នាក់ ដែល​ជាប់​ទាក់ទិន​ផ្ទាល់​ក្នុង​ការប្រើ​ហិ​អំពើហិង្សា​ទៅលើ​នារី​រងគ្រោះ ដោយ​ចោទថា នារី​រូប​នោះបាន លួច​ទូរស័ព្ទ​នៅ​ផ្សារ​ព្រៃទា ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ម្នាក់ទៀត បានអោយ​ត្រឡប់ ទៅផ្ទះ​វិញ ព្រោះ​ពុំ​ពាក់ព័ន្ធ​ឡើយ គឺ​គ្រាន់តែ​ជា​អ្នកឃើញ​ហេតុការណ៍​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង ៣៥​នាទី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅក្នុង​ផ្សារ ព្រៃទា ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​យុវតី​ម្នាក់​ត្រូវបាន​អាជីវករ​ចាប់វាយ ដំ និង​កោរសក់​របស់​នាង​ដោយ​ចោទថា នាង​បាន​លួច​ទូរស័ព្ទ ដោយ​ថត​ពី​សកម្មភាព​នោះ បង្ហោះ​នៅក្នុង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតផង ធ្វើអោយ​មហាជន​មានប្រតិកម្ម​ជំទាស់ និង​បាន​ថ្កោ​ទោស​យ៉ាងខ្លាំង ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច​ក៍បាន​បើក​ការស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជន​ដៃ​ដូចខាងលើ​តែម្តង​។​

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ខណៈដែល​សមត្ថកិច្ច​ចុះ​នាំខ្លួន​ជន​ពាក់ព័ន្ធ​ទាំង​ទាំង​៤​នាក់ គេ​ឃើញ​មាន​អាជីវករ ប្រមាណ​ជាង​៣០​នាក់ នាំគ្នា​ទៅកាន់​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​គាំទ្រ​ដល់​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទៀតផង​ដែរ​។​

​យ៉ាងណាក៏ដោយ លោក​អធិការ បាន​បញ្ចា​ក់ថា ជន​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕
​( ​រូបក្នុងរង្វង់ ជាសាក្សី)