ខេត្តព្រះសីហន៖ ក្រុមហ៊ុនចំនួន៥ដែលបានទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ ត្រូវគេមើលឃើញថាក្រៅពីកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ និងឈូសឆាយបំផ្លាញព្រៃឈើរួចមក គឺមិនឃើញអភិវឌ្ឍន៍អ្វីឡើយ
អ្នករាយការណ៍ព័ត៌មានបានឲ្យដឹងថា សកម្មភាពរបស់ក្រុមហ៊ុនទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ បរិស្ថានធម្មជាតិយ៉ាងខ្លាំង ដែលប្រការនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានចាំបាច់ពិនិត្យទ្បើងវិញ ស្របតាមឆន្ទៈពលរដ្ឋក្នុងតំបន់ដែលចង់ឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនទាំងនោះវិញ ដើម្បីកុំឲ្យពួកគេឆ្លៀតប្រើប្រាស់អាជ្ញាប័ណ្ណវិនិយោគដើម្បីបំផ្លាញព្រៃឈើតទៅទៀត។
មន្ត្រីសាលាខេត្តព្រះសីហនុមួយរូបដែលមិនប្រាប់ឈ្មោះបានប្រាប់ មេគង្គប៉ុស្តិ៍ ថា ក្រុមហ៊ុនទាំង៥នោះ អាចប្រឈមនឹងការដកហូតអាជ្ញាប័ណ្ណវិញ ដោយសារតែមិនបានអនុវត្តន៍ឲ្យត្រឹមត្រូវតាមកិច្ចសន្យារបស់ខ្លួន។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនវិមានសីលា អិល ភី ឌី មានទំហំដី៩៨៧ហិកតា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ),ទី២ ក្រុមហ៊ុន ស៊ានហេង អ៊ិនវេសមិន មានដីទំហំ៣៥០ហិកតា(គម្រោងអភិវឌ្ឍន៍ទេសចរណ៍), ទី៣ ក្រុមហ៊ុនស៊ានហេងអ៊ិនវេសមិន មានដីទំហំ៩៨៨ហិកតា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍ និងគម្រោងព្រៃកោងកាង),ទី៤ ក្រុមហ៊ុនហេងប៊ុនណាត មានដីទំហំ៩៦៣ហិកតា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ) និងទី៥ ក្រុមហ៊ុនប្ល៊ូមេត្រូខូលអិលធីឌី មានដីទំហំ៣៥៩ហិកតា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍)។
ប្រភពដដែលបន្តថា ក្រុមហ៊ុនទាំង៥ខាងលើនេះមិនបានអភិវឌ្ឍន៍ទៅតាមកិច្ចសន្យាជាមួយ រដ្ឋាភិបាលកម្ពុជានោះទេ ហើយក្រុមហ៊ុនខ្លះបានត្រឹមតែសាងសង់កន្លែងអង្គុយលេងបន្តិចបន្តួចនិង អាគារស្នាក់នៅខ្លះៗប៉ុណ្ណោះ ដែលទំនងជាពួកគេទទួលបានភ្លើងខៀវពីថ្នាក់លើទើបបានជាគេហ៊ានធ្វើព្រងើយកន្តើយយកកិច្ចសន្យាទៅទ្រាប់គូទអង្គុយបែបនេះ។
ប្រភពដដែលបន្តទៀតថា ការមិនអើពើរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ត្រូវគេរិះគន់ថា ហាក់ដូចជាមានបំណងបិទបាំងទង្វើមិនប្រក្រតីក្នុងការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះដើម្បីទទួលបានផលប្រយោជន៍ឯកជន បើមិនដូច្នេះទេប្រាកដជាលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ចាត់វិធានការដកហូតដីព្រៃពីក្រុមហ៊ុនទាំងនោះវិញតាំងពីយូរណាស់មកហើយ ព្រោះនៅខេត្តព្រះសីហនុអ្នកណាក៏ដឹងថា ក្រុមហ៊ុនខ្លះបានកាប់បំផ្លាញព្រៃឈើស្ទើរអស់់ទៅហើយតែមិនឃើញអភិវឌ្ឍន៍តាមគម្រោងរបស់ខ្លួនទៅតាមកិច្ចសន្យាដូចជា សាងសង់សណ្ឋាគារ ខុនដូ ទីលានវាយកូនហ្គោល និងផ្សារទំនើប ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិនោះឡើយ។
មជ្ឈដ្ឋានដដែលបានទទូចឲ្យរាជរដ្ឋាភិបាលពិនិត្យពិចារណាជាថ្មី ឬអនុវត្តន៍ការដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនោះវិញគឺជារឿងចាំបាច់បំផុត ដើម្បីថែរក្សាធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិរាមឲ្យស្រស់ត្រកាលតទៅទៀត សម្រាប់បម្រើផលប្រយោជន៍វិស័យទេសចរណ៍ដែលជាគម្រោងរបស់រដ្ឋប្រសើរជាង៕ រដ្ឋា