ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារដើម្បីដាក់ប្រាសាទកោះកេរទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក តែអាចប្រឈមការលំបាក និងត្រូវការពេលរហូត៤ឆ្នាំ ដើម្បីស្រាវជ្រាវរកភ័ស្ដុតាងបន្ថែម បើទោះជាកម្ពុជាបានបង្ហាញឈ្មោះប្រាសាទនេះ ទៅអង្គការ UNES CO តាំងពីឆ្នាំ ១៩៩២ មកហើយក្ដី។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ប្រាសាទកោះកេរ ជាប្រាសាទបុរាណខ្មែរដ៏អស្ចារ្យមួយ ដែលអ្នកជំនាញកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់កាលពីឆ្នាំមុន។
សូមជម្រាបថា ប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូ ម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ហើយបើគិតពីភ្នំពេញទៅមានចម្ងាយ ៤៦០គីឡូម៉ែត្រ៕