ថ្វីត្បិតតែការស្រាវជ្រាវនេះមិនមែនជាលើកទី១ក៏ពិតមែន តែអ្នកសេដ្ឋ កិច្ចទាំងពីររួបគឹលោក Betsey Stevenso និង Justin Wolfers បានបក ស្រាយពន្យល់ថា អ្នកមានលុយពិតជាអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនបានច្រើនជាងអ្នកក្រឆ្ងាយណាស់ ដែលនោះគឺសុភមង្គល។ តើអ្វីទៅជាការពន្យល់របស់អ្នកសេដ្ឋកិច្ចទាំងពីររូបនេះ?
អ្នកមានលុយអាចធ្វើអ្វីៗដែលខ្លួនចង់ធ្វើ
គ្មានអ្នកណាម្នាក់នៅលើលោកនេះដែលមិនប្រាថ្នាចង់បានមានប្រាក់ ហូរហៀរនោះឡើយ ហើយចង់ក្រនោះដែរ ពីព្រោះថា លុយអាចធ្វើឲ្យមនុស្សម្នាក់ៗសម្រេចបានក្តីប្រាថ្នាយ៉ាងច្រើន លើសលប់។ មិនថាការរស់នៅប្រកបដោយផាសុកភាព មានអាហារឆ្ងាញ់ៗសម្រាប់ពិសារ ស្នាក់នៅក្នុងលំនៅឋានប្រណិតៗ រៀននៅសាលាល្អៗ មានសម្ភារៈប្រើប្រាស់ទំនើបៗ ការស្លៀកពាក់ មានសេវាកម្មសុខភាពល្អ ។ល។ គឺសុទ្ធតែអាចទិញបានតាមចិត្តចង់ស្របតាមក្តីប្រាថ្នារបស់ ខ្លួនសម្រាប់អ្នកមានលុយ។
២) លុយធ្វើឲ្យមនុស្សមានទំនុកចិត្ត និង បង្កើនភាពជឿជាក់
នេះមិនមែនជាការកុហកនោះឡើយ ព្រោះថាការស្រាវជ្រាវបានរកឃើញថា អ្នកមានលុយអាចបង្កើតអារម្មណ៍ក្នុងផ្លូវវិជ្ជមានបានច្រើនជាង អ្នកគ្មានលុយឆ្ងាយណាស់នៅក្នុងជីវិតរបស់ពួកគេ ដែលនេះឈានទៅរកការកសាងទំនុកចិត្ត និង បង្កើនភាពជឿជាក់ចំពោះខ្លួនឯង។ ទំនុកចិត្តអាចធ្វើឲ្យមនុស្សសម្រេចភាពជោគជ័យក្នុងការងារ ទំនាក់ទំនង និង បោះជំហានទៅមុខឥតឈប់ឈរលើកិច្ចការផ្សេងៗ។ លើសពីនេះ លុយអាចធ្វើឲ្យមនុស្សបង្កើតបទពិសោធន៍ល្អៗ ទិញអ្វីៗសម្រាប់ជាសេចក្តីត្រូវការរបស់ខ្លួនដែលធ្វើឲ្យជីវិតមាន លំនឹងបន្ថែមទៀត។
៣) ស្ថិរភាពហិរញ្ញវត្ថុអាចធានាចំណងអាពាហ៍ពិពាហ៍របស់មនុស្ស
ក្តីបារម្ភចំពោះរឿងលុយកាក់ ត្រូវបានរកឃើញដែរថា ជាផ្នែកមួយដែលនាំឲ្យឈានទៅរកការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ឬ សម្ព័ន្ធភាពរបស់គូស្នេហ៍ផងដែរ។ តាមប្រសាសន៍របស់លោក Jeffrey Dew សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Utah State បានឲ្យដឹងថា ចំណងអាពាហ៍ពិពាហ៍ភាគច្រើនត្រូវបានបញ្ចប់ដោយសារមិនមានលទ្ធភាព គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងជីវិតរបស់ពួកគេ ដែលនោះគឺបញ្ហាលុយកាក់។
សាស្ត្រាចារ្យរូបនេះបានបន្ថែមថា គ្រួសារដែលមានលុយអាចជួលមនុស្សមកមើលថែកូនៗ ឬ ថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេ បើសិនជាជាប់រវល់នឹងការងារ។ នេះនឹងធ្វើឲ្យជីវិតរបស់អ្នកមានលុយដើរទៅមុខយ៉ាងរលូនគ្មាន បញ្ហាតានតឹងឬ ខ្វល់ខ្វាយច្រើននោះឡើយ ហើយសម្ព័ន្ធភាពរវាងគូស្នេហ៍ ឬគូស្វាមីភរិយា ក៏កាន់តែរឹងមាំទៅតាមនេះដែរ។
៤) លុយអាចទិញសុភមង្គលបានអាស្រ័យលើកត្តាជាក់លាក់មួយចំនួន
ទោះបីជាយ៉ាងណាក៏ដោយ ការយកលុយទៅទិញសុភមង្គលមិនមែនជារឿងមួយងាយស្រួលនោះឡើយ។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Princeton បានរកឃើញថា ស្របពេលដែលអ្នកមានមានអារម្មណ៍វិជ្ជមាននៅក្នុងជីវិតរបស់ខ្លួន មិនមានទំនាក់ទំនងផ្ទាល់ណាមួយត្រូវបានរកឃើញរវាងទ្រព្យសម្បតិ្ត ទៅនឹងអារម្មណ៍ប្រចាំថ្ងៃរបស់មនុស្សនោះឡើយ។ ប៉ុន្តែ គេបានរកឃើញលើសពីនេះថា ការថែទាំងសុខភាព ការថ្នាក់ថ្នម ភាពឯកោ ការជក់បារី គឺជាសូចនាករដ៏សំខាន់ទាក់ទងនឹងអារម្មណ៍របស់មនុស្ស។
ជារួមការស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើបានបង្ហាញថា លុយអាចទិញអ្វីៗដែលយើងចង់បានក៏ពិតមែន តែមិនមែនសុភមង្គលនោះឡើយ។ ប៉ុន្តែបើគ្មានលុយ មិនថាបំណងប្រាថ្នាដែលមនុស្សចង់បាន ឬសុភមង្គលនោះទេ គឺសុទ្ធតែប៉ះពាល់និងមិនអាចសម្រេចអ្វីដូចបំណងឡើយ៕
ទស្សនៈបង្ហាញពីឥទ្ធិពលនៃ« លុយ »