ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង៣០នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិល គ្រោងដាក់ពាក្យប្តឹងឧកញ៉ា២រូប រួមនិងមនុស្សមួយចំនួនផ្សេងទៀត ទៅសាលាដំបូងខេត្តក្រចេះជុំវិញករណីកាប់រានឈូសឆាយដីព្រៃឈើ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះដែលមានទំហំប្រមាណ៣១២០ហិកតាយកទៅធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន។
យោងតាមពាក្យបណ្តឹងដែលគ្រោងដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តក្រចេះ បានឲ្យដឹងថា លោកឧកញ៉ាដែលត្រូវប្តឹង គឺលោកឧកញ៉ា អេង នៅផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងលោកឧកញ៉ា លឹម ប៊ុនណា នៅឃុំប្រធាតុ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទកាប់រានឈូសឆាយដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងជនល្មើសមួយចំនួនទៀត ដែលបានរួមគ្នាធ្វើឲ្យបាត់បង់តំបន់ព្រៃឈើ សរុបទំហំ៣១២០ ហិកតានៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
ក្នុងបណ្តឹងក៏បានសរសេរថា ក្រុមឈ្មួញបានឃុបឃិតគ្នាជាមួយអ្នកមានអំណាច ប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើ តាមរយៈកាប់រំលំដើមឈើ កាប់រានឈូសឆាយដីព្រៃឈើយកដីមកធ្វើជាកម្មសិទ្ធិ តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងខាងលើនេះលោកឧកញ៉ា អេង និងលោកឧកញ៉ា លឹម ប៊ុនណា សារព័ត៌មានយើងពុំអាចទាក់ទងសុំអធិប្បាយបានទេ៕