កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវេលាម៉ោង ១២:៤០នាទី នៅលើផ្លូវជាតិលេខ៦ នៅចំណុច ការ៉ាស់សាំងតូតាល់ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយសាររថយន្ត សាំយ៉ុងមួយគ្រឿងបានបែកកង់ ហើយរេចង្កូតហោះផ្លោងរំលងសួនច្បាប់ទៅចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្តពីរគ្រឿងផ្សេងទៀតដែលរត់មកពីមុខច្រាសទិសគ្នា បណ្តាលរងរបួស និងរថយន្តទាំងបីក្នុងហេតុការណ៍នេះ រងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្ត និងរថយន្ត ដោយរថយន្ត១គ្រឿងម៉ាកសាំយុង ពណ៌ស ផ្លាកលេខភ្នំពេញ 2AH. 5278 បើកបរដោយឈ្មោះ ឃ្លោក សារិទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិពោធ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចខាងលើ បានរេចង្កូតហោះឆ្លងសួនច្បារ ហួសចូលទៅផ្លូវម្ខាងទៀត ហើយបានបុក១គ្រឿងរត់ច្រាសទិសគ្នា ម៉ាកគៀ ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 3A.7470 ដែលមានបើកបរដោយឈ្មោះ ឃុត ឈៀក ភេទប្រុស អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បន្ទាប់ពីបិករថយន្តគៀរនោះរួចហើយ រថយន្តដដែលនេះ បានជ្រុលបុកជារថយន្ត១គ្រឿងផ្សេងទៀតម៉ាកប៉ាសេរ៉ូ ស្ព័រ ពណ៍ស បើកបរដោយឈ្មោះ តង់ ប៉ូហេង ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានទីលំនៅសង្កាត់អូឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានទិសដៅផ្ទុយគ្នាពីត្បូងទៅជើង។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ រថយន្តសាំយ៉ុង ដែលបង្កហេតុ បានបែកកង់មុខខាងឆ្វេង បណ្ដាលឲ្យ
ខូចរថយន្តសរុបទាំងអស់ ៣គ្រឿង របួសមនុស្ស៣នាក់ ធ្ងន់២នាក់ ស្រាល១។
ជនរងគ្រោះទាំងអស់រួមមាន ៖ ១ . អ្នកបើកបររថយន្តសាំយ៉ុង រងរបូសធ្ងន់
២- ឈ្មោះ ជិន ប៊ុនថន អាយុ២៩ឆ្នាំ នាក់ជិះក្នុងរថយន្តសាំយ៉ុង មានទីលំនៅភូមិពោធ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់។ទី៣-ឈ្មោះ អុន ស្រូយ ភេទប្រុស អាយុ២៨ឆ្នាំ នាក់ជិះក្នុងរថយន្តសាំយ៉ុង មានទីលនៅភូមិពោធ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួសស្រាល និងអ្នកបើកបររថយន្តប៉ាសេរ៉ូ និងរថយន្តម៉ាកគៀ មិនមានរងបួសទេ។
បច្ចុប្បន្ន សមត្ថកិច្ច បាន និងកំពង់ រៀបចំឯកសារដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ដោយ ៖ សុផល