ភ្នំពេញ ៖ កម្ពុជា នឹងបន្តរុករកអដិ្ឋធាតុទាហានអាមេរិកដេលបាត់ខ្លួនឡើងវិញ ដូចអ្វីដែល កម្ពុជា-អាមេរិក ធ្លាប់បានអនុវត្តរួមគ្នានាពេលកន្លងមក បើសិនជាសហរដ្ឋអាមេរិក បើកទិដ្ឋាការ ដល់មន្ត្រីកម្ពុជា ដូចដើមឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សា ការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយក ប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់ធ្វើជាមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក ។ រូបសម្តេច ផ្ទាល់ គឺជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាង កម្ពុជា និងសហរដ្ឋអាមេរិក។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បន្តថា នាពេលខាងមុខ អ្វីដែលសម្តេចចង់ឃើញនោះគឺ ទំនាក់ ទំនងនៃប្រទេសទាំងពីរកម្ពុជា អាមេរិក នឹងមានភាពកាន់តែល្អប្រសើរឡើង ពិសេសរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុរកិច្ចសហរដ្ឋអាមេរិកចង់បាននោះដែរ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនេះ ធ្វើឡើងបន្ទាប់ពីលោក អាឡេកសាន់ឌ័រ ហ្វេលមែន បានបង្ហាញនូវគោលបំណងចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមាន ទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិក តែងតាំងឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា នាពេលខាងមុខ ។
គូរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុង ចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងគ្រោងធ្វើមាតុភូមិមកកម្ពុជាវិញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ៕