ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនរបាលមួយរូប បានកាន់លិខិតមួយសន្លឹក ដើរអួត ប្រាប់គេឯងតាមតុកាហ្វេថា មិនយូរនោះទេ ខ្លួនត្រូវប្រកាសចូលកាន់ដំណែងជាអធិការវិញម្តង ខណៈអធិការចាស់ ត្រូវផ្លាស់ទៅកាន់ដំណែងជានាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត វិញ។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា មន្ត្រីប៉ូលិសរូបនោះ មានឈ្មោះ អ៊ុំ ចំរើន ឋានៈអនុសេនីយ៍ឯក ជាអធិការរងទទួលបន្ទុកផែនសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
ប្រភពដដែលបានរំលឹកថា លោក អ៊ុំ ចំរើន បាននិយាយអួតក្តែងៗតាមតុកាហ្វេថា ខ្លួនមានឱធម៌ពាក់ផ្កាយ៤ ដូច្នេះខ្លួនចង់ទៅកាន់ដំណែងអ្វីនៅកំពង់ស្ពឺនេះក៏បានដែរ តែឥឡូវចូលកាន់តំណែងត្រឹមជាអធិការសិន ។ មានការលើកឡើងទៀតថា មិនត្រឹមតែប៉ុណ្ណោះ គាត់បានអួតថា ថ្ងៃបន្តនឹងឈោងទៅកាន់ដំណែងជាស្នងកាខេត្តទៀតផង។
ការនិយាយអួតបែបនេះ ត្រូវបានមហាជនរិះគន់ថា “បើទោះជាមានឱធម៌ពាក់ផ្កាយ៤ចាំជួយជ្រោមជ្រែងក្តី ក៏មិនគួណាដើរនិយាយអួតតាមកន្លែងសាធារណៈបែបនេះដែរ ព្រោះថា វាជារឿងដែលមិនសមរម្យនោះទេ។ ម្យ៉ាងថ្នាក់ដឹកនាំគាត់អាចតែងតាំង យើងបាន ក៏អាចដកយើងវិញបានដែរ នៅពេលណាមួយដែលកើតមានបញ្ហាផ្សេងៗ។
ដោយឡែក មន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍នានា ក្នុងស្រុកបសេដ្ឋ បានសំដែងនូវភាពភ្ញាក់ផ្អើល និងមិននឹកស្មានមិនដល់ថា មិនគួរណាមានការដោះដូរដំណែងអធិការលឿនបែបនេះសោះ។ មានការលើកឡើងទៀតថា ទំនងជាលោកអធិការចាស់ ជាមនុស្សគ្មានខ្សែ បក្ខពួក និងខ្នងបង្អែក ដូចគេហើយមើលទៅ ទើបត្រូវដូរដាក់អ្នកមានខ្នងបង្អែកលឿនបែបនេះ។ អ្វីដែលកូនចៅថ្នាក់ក្រោមបានដឹង គឺអធិការចាស់ឡើងដំណែងតាមរយៈមេបក្សស្រុក (អតីតអភិបាលស្រុកចាស់ លោក ណុប គឹមស្រេង) ដែលមើលឃើញពីសមត្ថភាព និងស្នាដៃការងាររបស់គាត់ដែលសម្រេចបានទើបស្នើសុំទៅថ្នាក់ដឹកនាំខេត្តតាមរយៈជួរបក្សអោយកាន់ដំណែងនេះតែមិនបានប៉ុន្មានផងក៏ត្រូវអ្នកមានខ្សែនិងខ្នងបង្អែកដណ្តើមយកតួនាទីនេះទៅបាន ដោយសុវត្ថិភាព។
សូមបញ្ជាក់ថា តាមប្រកាសក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម កាលពីថ្ងៃទី២០កញ្ញា២០១៨ ហើយបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត នាវេលាម៉ោង ២និង១០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងនេះ។
ពាក់ព័ន្ឋនឹងបញ្ហានេះដែរលោកឧត្តមសេនីយ៍ទោ សមសាមួនស្នងការនគរបាលខេត្តកំពង់ ស្ពឺបានអោយដឹងតាមប្រពន្ធ័ WhatsApp ថា ការដោះដូរមន្ត្រី វាជាការធម្មតាក្នុងការងារ គឺតែងតែមានការផ្លាស់ប្ដូរអញ្ចឹងហើយ ដើម្បីបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អ៕