ភ្នំពេញ ៖ ទំនាស់ហិង្សាគញរួសារមួយ ឈានដល់ប្អូនថ្លៃលីកាំបិតផ្គាក់ទៅកាប់បងថ្លៃ រងរបួសដាច់ម្រាមអស់៣ ឯបងថ្លៃមិនប្រើហិង្សាសងសឹកទេ តែប្តឹងទាមទារសំណងចំនួន ២.៥០០ដុល្លា ហើយដោយសារប្អូនថ្លៃជាជនដៃដល់គ្មានលុយឲ្យ បងថ្លៃក៏សម្រេចប្តឹងប៉ូលិសចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សិដ្ឋ សុខ ភេទប្រុស អាយុ៣៧ឆ្នាំ មានទៅលំនៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនបង្ក ត្រូវជាប្អូនថ្លៃឈ្មោះ ប៊ិន ណារ៉ា ហៅអូន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះក្បែរគ្នា ក្នុងភូមិខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមសម្តីជនរងគ្រោះ ត្រូវជាបងថ្លៃ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលខ្លួនរួមជាមួយ អ្នកជិតខាង បងប្អូនមានគ្នា៥នាក់ អង្គុយហូបចុកតិចតួចនៅមុខផ្ទះរបស់ខ្លួន ដោយមានចាក់ធុង បាស់កំដរផង។ នៅពេលនោះ ប្អូនថ្លៃបានដើរមកប្រាប់ឲ្យបិទធុងបាសដោយស្រែកថា រកដេកពួនមិនបាន តែមិនបានប្រាប់ឲ្យស្រួលទេ គឺប្រសំដីធំៗ ក៏កើតជាទំនាស់។ បន្ទាប់មក ប្អូនថ្លៃបានដើរចូលក្នុងផ្ទះ ទាញយកបានកាំបិតផ្គាក់មួយដើរចញមកវិញ សំដៅមកកាប់ត្រូវម្រាមដៃនោះតែម្តង បណ្តាលឲ្យរងរបួសដាច់ម្រាមដៃឆ្វេងអស់៣ ហូរឈាមកក្លាក់ បង្កឲ្យភ្ញាក់ផ្អើលឆោឡោសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ហៅនាំភាគី ទាំង២ មកនិយាយសាកសួរនៅប៉ុស្តិ៍ចោមចៅ៣។
តាមប្រភពពីសាច់ញាតិរបស់ភាគីទាំង២ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវជាបងថ្លៃដែលជាជនរងគ្រោះទាមទារសំណងចំនួន២.៥០០ដុល្លារ ថ្លៃព្យាបាលដាច់ម្រាម៣ តែប្អូនថ្លៃគ្មានលុយ ទើបជនរងគ្រោះសម្រេចប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់តែម្តង បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕