ឥណ្ឌូនេស៊ី ៖ ចំនួនមនុស្សស្លាប់ ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ បង្កជារលកយក្ស ស៊ូណាមិក នៅលើកោះ Sulawesi របស់ឥណ្ឌូណេស៊ី បានកើនដល់៤២០នាក់ និងអ្នករបួសប្រមាណ ៥៤០នាក់ ខណៈក្រុមជួយសង្គ្រោះកំពុងខ្នះខ្នែង ដើម្បីតាមស្វែង រកជន ដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់នៅ តាមគំនរអាគារបាក់ បែកក្នុង តំបន់នានា ដែលរងការវាយប្រហារ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានប្រកាសនៅរសៀលថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ប្រជាជនប្រមាណ ២,៤លាននាក់ បានរងផលប៉ះពាល់ដោយ សារគ្រោះធម្មជាតិដ៏អាក្រក់នេះ។ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិចជាង១៧ម៉ឺន នាក់ បានបាត់បង់ទីជម្រក។ចំណែក ទំហំនៃការបំផ្លិចបំផ្លាញដោយ គ្រោះរញ្ជួយដីនេះ មិនទាន់ កំណត់ច្បាស់លាស់នៅឡើយទេ ខណៈប្រព័ន្ធអគ្គិសនី និងការទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយផ្លូវថ្នល់ក៏ត្រូវខូចខាតទៀតនោះ ជាហេតុបង្កផលលំបាកខ្លាំងក្នុងការចូលជួយសង្គ្រោះ៕