ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា បានច្រានចោលចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលថ្លែងតាមឃ្លីបវីដេអូ មួយថា ម្ហូបអាហារ និងបន្លែបង្ការនៅក្នុងប្រទេសកម្ពុជា មានផ្ទុកទៅដោយសារធាតុគីមី ដែលកំពុងតែបំផ្លាញបន្តិចម្តងៗទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី ៣០ ខែកញ្ញា បាន្រកាសចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី ពីបញ្ហាសុវត្ថិភាពម្ហូបអាហារ គឺគ្រាន់តែជាការកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ បំពានទាំងស្រុងគ្មានដឹងពីស្ថានភាពពិត និងអ្វីដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បាន និងកំពុងធ្វើ ពិសេសលើបញ្ហាសុវត្ថិភាពម្ហូបអាហារ នេះឡើយ។
អគ្គនាយកដ្ឋានកាំកុងត្រូលបានអះអាងថា កម្ពុជា មានមន្ទីរពិសោធន៍ម្ហូបអាហារ ដែលមានសមត្ថភាពវិភាគរកឃើញសារធាតុគីមី មេរោគចម្លង កត្ដាគ្រោះថ្នាក់ជារូបវន្ដផ្សេងៗមិនចាញ់ ប្រទេស ជឿនលឿននៅលើពិភពលោកនោះឡើយ៕