ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ខ្លាំងៗថា «ខ្ញុំស្អប់ខ្លាំងណាស់ចំពោះក្រុមចោរលួចកាប់ព្រៃឈើ» ។ សម្តេចក៏បានព្រមានយ៉ាងម៉ឺងម៉ាត់ឲ្យចាប់ក្រុមចោរកាប់ឈើទាំងនោះ ហើយជាថ្មីម្តងទៀត បានបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានជនដែលចូលលួចកាប់ព្រៃឈើ ហើយបាញ់ពីលើឧទ្ធម្ភាគចក្រតែម្តង។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ-អាមេរិកាំងនៅសហរដ្ឋអាមេរិកនាថ្ងៃទី៣០ ខែកញ្ញា គ្រាដែលសម្តេចទៅចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ចាប់តាំងពី ថ្ងៃ ទី២៧ ដល់ទី៣០ ខែកញ្ញា នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំទទួលស្គាល់អាចោរលួចកាប់ព្រៃឈើ ខ្ញុំកំពុងឲ្យឧទ្ធម្ភាគចក្របាញ់ពីលើផងឥឡូវហ្នឹង។ ខ្ញុំស្អប់អាចោរលួចកាប់ឈើ ក៏ប៉ុន្តែករណីរាប់លានហិកតា ដែលប្រជាពលរដ្ឋទៅកាប់ដើម្បីធ្វើស្រែចម្ការ អាហ្នឹងវាជាការបាត់បង់ព្រៃឈើ។ ដីហ្នឹងអាណាជីកយកទៅណា វានៅហ្នឹង រាប់ទាំងពួកប្រឆាំងផងហ្នឹង»។
ប៉ុន្តែអតីតមន្ត្រីបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា វិធានការរបស់រដ្ឋាភិបាលពុំមានប្រសិទ្ធភាព ដោយសារមន្ត្រីមានអំណាចមួយចំនួនការពារអ្នករកស៊ីឈើធំៗ ហើយចំណាត់ការប៉ុន្មានឆ្នាំមុនក៏ដូចគ្នាដែរ ប្រើសុទ្ធតែកងកម្លាំងប្រដាប់អាវុធទាំងមន្ត្រីកងរាជអាវុធហត្ថ និងគណៈកម្មការដើម្បីត្រួតពិនិត្យ និងចាត់វិធានការ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានការកាត់ទោសអ្នករកស៊ីឈើធំៗណាម្នាក់ឡើយ៕