ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំនេះ នឹងមានកំណើនដល់ ៧,៣ %។ ការព្យាករនេះ បានធ្វើឡើង ក្នុងឱកាសក្រុមបេសកកម្មមាត្រា IV របស់ IMF បានចូលជួបសំណេះសំណាលរាយការណ៍ជូន ឯ.ឧ. ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្តីពីការវាយតម្លៃស្ថានសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ និងទស្សនវិស័យក្នុងរយៈពេលមធ្យម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
IMF បានព្យាករថា ជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះទុនបម្រុង អន្ដរ ជាតិ ត្រូវបានរំពឹងថា បន្ដកើនឡើងដល់៩,៦ប៊ីលានដុល្លារ នៅចុងឆ្នាំ២០១៨ ដែលធានាការទូទាត់ ការនាំចូលនាឆ្នាំបន្ទាប់ បានប្រមាណ៥ខែ។ ចំណែកវិស័យធនាគារ មានវឌ្ឍនភាពល្អប្រសើរដោយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពល្អ ហើយកំណើនឥណទានរបស់គ្រឹះស្ថាន ធនាគារ ត្រូវបានរំពឹងថា កើនឡើងប្រមាណ១៩% ហើយឥណទានដែលផ្ដល់ដោយ វិស័យមីក្រូ ហិរញ្ញវត្ថុ កើនឡើង ៣៤%៕