ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែតុលា កន្លងមកនេះ បានប្រកាសក្រើនរម្លឹកដល់ម្ចាស់យានយន្តទាំងអស់ រួសរាន់បង់ពន្ធឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបញ្ចៀសពីបញ្ហាពិន័យផ្សេងៗ។ ករណីខកខានបង់ពន្ធតាមថ្ងៃកំណត់នេះ ម្ចាស់យានយន្ត នឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រោយពេលបិទបញ្ចប់ថ្ងៃបរិច្ឆេទ ការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរ ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តន៍ប្រមូលពន្ធប្រភេទនេះ តាមដងផ្លូវនានាទូទាំងប្រទេស។
គួររំលឹកថា ការក្រើនរម្លឹក ធ្វើឡើងបន្ទាប់ពី អគ្គនាយកដ្ឋានពន្ធដារ អង្កេតឃើញ ម្ចាស់យានយន្តមួយចំនួនមិនទាន់បានប្រកាសបង់ពន្ធលើយានយន្តរបស់ខ្លួននៅឡើយ៕