អាមេរិក ៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Nikki Haley នឹងលាលែងចេញពីតំណែងរបស់ខ្លួនហើយ ដោយលោកស្រីនឹងប្រកាសវាជាផ្លូវការ នៅពេលជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។
ជាមួយគ្នានោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមទទួលលិខិតលាលែងពីតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ពីសំណាក់លោកស្រី Nikki Haley ហើយ ដោយមន្ត្រីជំនិតលោក ត្រាំ រូបនេះនឹងលាលែងជាផ្លូវការតែម្តង នៅចុងឆ្នាំ២០១៨។
លោកស្រី Haley គឺជាមន្ត្រីដែលបានបម្រើលោក ដូណាល់ ត្រាំ តាំងតែពីលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់របស់លោកស្រី គឺការព្យាយាមការពារនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាញសហរដ្ឋអាមេរិកឲ្យចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកាលណោះលោកស្រីបានហៅស្ថាប័ននេះថា ជាបរាជ័យដ៏អាក្រក់មួយរបស់ UN។
ទោះបីយ៉ាងណាមូលហេតុពិតប្រាកដនៃការលាលែងរបស់លោកស្រី Haley គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕