ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងកូនស្រីជំទងើម្នាក់ ទទួលបានសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ហើយ បន្ទាប់ពីត្រូវបានលើកលែងទោសពីព្រះមហាក្សត្រ រួមជាមួយនឹងអ្នកទោសជាច្រើនទៀត និងបានរត់គេចខ្លួនតាំងពីនៅមុនពេលបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ។
តាមរយៈហ្វេសប៊ុកលោក អ៊ុំ សំអាន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទើបចេញពីពន្ធនាគារក្នុងពេលជាមួយគ្នានោះដែរ បានបញ្ជាក់ថា លោក គឹម សុខ និងកូនស្រី ទទួលបានសិទ្ធិនយោបាយ សម្រាប់ជ្រកកោននៅហ្វាំងឡង់ រួចហើយ។
លោក គឹម សុខ អ្នកវិភាគនយោបាយ ទើបចេញពីពន្ធនាគារ កាលពីខែសីហាកន្លងមក ក្រោយពីលោកបានអនុវត្តទោសតាមកំណត់។ បន្ទាប់ពីចេញពន្ធនាគារភ្លាម អ្នកវិភាគរូបនេះ នៅតែបន្តនិយាយរិះគន់រាជរដ្ឋាភិបាលដោយឥតសំចៃរហូតដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទាមទារសំណងជំងឺចិត្ត៨០០លានរៀល ដោយអមនឹងការព្រមានចាប់ដាក់ពន្ធនាគារវិញផងដែរ បើសិនជាគ្មានថវិកាសងតាមដីកាបង្គាប់។
ដោយសារការព្រមានពីនាយករដ្ឋមន្ត្រីនេះហើយ ទើបធ្វើឲ្យលោក គឹម សុខ គេចខ្លួនពីប្រទេសកម្ពុជា ហើយបាត់ដំណឹងរហូតមកដល់ថ្ងៃនេះ ទើបលេចឮព័ត៌មានថា លោក និងកូនស្រីជំទង់ម្នាក់ បានធ្ចើដំណើរទៅដល់ប្រទេសហ្វាំងឡង់ ដែលជាទីផ្តល់សិទ្ធិជ្រកកោនស្របច្បាប់ដល់លោក៕
(រូបពីហ្វេសប៊ុកលោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ)