លោក កឹម សុខា៖គណបក្សសង្គ្រោះជាតិនឹងធ្វើកំណែទម្រង់ផ្ទៃក្នុងបក្ស
តាកែវ៖អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅចំពោះមុខសមាជិកបក្សរាប់រយនាក់ថា គណបក្សនេះនឹងធ្វើសមាជកែទម្រង់ផ្ទៃក្នុងបក្ស តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់លើ ដើម្បីការរីកចម្រើន ។
លោកកឹម សុខា បានលើកឡើងបែបនេះ នៅក្នុងវេទិកាសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ កាលពីរសៀលថ្ងៃអាទិត្យទី ១០ ខែឧសភា ឆ្នាំ២០១៥ ។
ក្នុងវេទិកានោះ លោកកឹម សុខា បានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅតាមមូលដ្ឋានទាំងអស់ ត្រៀមរៀបចំអ្នកបន្តវេន ជាពិសេស យុវជនសម្រាប់បន្តវេន ក្នុងការដឹកនាំគណបក្សសង្គ្រោះជាតិ និងដឹកនាំប្រទេសទៅថ្ងៃអនាគត ។ លោកថា ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស ក៏ត្រៀមខ្លួនរួចហើយដែរ ដើម្បីផ្ទេរតំណែងដល់យុវជនជំនាន់ក្រោយ ៕