ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីធ្វើលំហាត់សង្គ្រោះ ក្នុងករណីយន្តហោះជួបឧបទ្ទវហេតុផ្សេងៗ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ។ ជាមួយនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអំពាវនាវសូមកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័នច្រឡំទៅនឹងសភាពការណ៍អសន្តិសុខ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសចរស៊ីវិល និងសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំលើកទី២ ដើម្បីសង្គ្រោះយន្តហោះពេលមានជួបឧបទ្ទវហេតុ នៅព្រលានយន្តហោះអន្តរជាតិ (កងកេង) ខេត្តព្រះសីហនុ ។ ការរៀបចំធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនេះ អាកាសចរណ៍ស៊ីវិលសំណូមពរឲ្យគ្រប់ស្ថាប័ន អង្គភាពជំនាញនៅទូទាំងខេត្តព្រះសីហនុ ចូលរួមសហការគ្នា ដើម្បីជួយសង្គ្រោះក្នុងករណីកើតមានឧបទ្ទវហេតុយន្តហោះធ្លាក់ជាយថាហេតុ។
សូមជម្រាបថា ក្នុងលំហាត់សមយុទ្ធនេះ នឹងមានសកម្មភាពដូចជាការចេញដំណើររបស់រថយន្តពេទ្យសង្គ្រោះមានបន្លឺសម្លេងស៊ីរ៉ែនខ្លាំង ពីគ្រប់មន្ទីរពេទ្យរដ្ឋ គ្លីនិកឯកជន មណ្ឌលសុខភាព និងពីគ្រប់ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដែលមានទីតាំងនៅជិតកន្លែងកើតហេតុ, ការចេញដំណើររបស់រថយន្តកងទ័ពដឹកជញ្ជូនកម្លាំងសង្គ្រោះ និងសកម្មភាពដឹកជញ្ជូនជនរងគ្រោះ (សិប្បនិម្មិត) ទៅកាន់គោលដៅសង្គ្រោះ..។ល។
ដោយសារ មានសកម្មភាពដូចនេះ អាជ្ញាធរ បានប្រកាសអំពាវនាវ សូមកុំឲ្យបងប្អូនប្រជាពលរដ្ឋភ្ញាក់ផ្អើល ឬយល់ច្រឡំចំពោះព្រឹត្តិការណ៍សមយុទ្ធនេះ៕ ដោយ ៖ ភិរ៉ាន