ប្លន់​ហាង​ចិន​យកលុយ​រាប់ម៉ឺន​ដុល្លារ​នៅ​សង្កាត់​ផ្សារ​ថ្មី​១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2018 ក+ ក-

​ភ្នំពេញ​៖ ក្រុមចោរប្លន់​ស្វាគមន៍​លោក ទៀង ច័ន្ទ​សារ ដែល​ទើប​ចូលកាន់​ដំណែង​ថ្មី​ជា​អធិការ​ខណ្ឌដូនពេញ ក្រុមចោរប្លន់​ទាំងនោះ​បានធ្វើ​សកម្មភាព ចូលទៅក្នុង​ហាង​លក់​ភេ​ជ្ជៈ “​ឈិន ស៊ីន​” ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់​ដោយ​កាំបិត ហើយ​បាន​ប្រមូលប្រាក់​អស់​រាប់សិប​ម៉ឺន​ដុល្លា រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទល់មុខ​ផ្សារ​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ដំរុយ​ពី​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ប្លន់​នោះ​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បាន​ចូលទៅក្នុង​ហាង​ខាងលើ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ចេញមក​វិញ​ដោយ​ប្រ​ញ៉េប​ប្រញាប់​ឡើង​រ៉ុ​ក​ម៉ក់​កង់​បី​បើក​ចេញទៅ​បាត់​។ ស្រាប់តែ​ភ្លាម​នោះគេ​បានឃើញ​ម្ចាស់​ហាង​រត់​ចេញមកក្រៅ​ស្រែក​ផ្អើល​ឆោ​រ​ឡោ ទើប​ដឹងថា​នេះ​ជា​ករណី​ចោរប្លន់​អស់​លុយ​រាប់សិប​ម៉ឺន​ដុល្លា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ និង​អជីវ​ករ​លក់ដូរ នៅក្នុង​ខណ្ឌដូនពេញ កំពុងតែ​មានការ​ភិតភ័យ ខ្លាច​ព្រោះ​ជនល្មើស​បានធ្វើ​សកម្មភាព​ប្លន់​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​៕​