បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីយកកំប៉ុងហ្គាស ចងភ្ជាប់ជាមូយផាវគ្រាប់បែក រួចដុតបញ្ឆេះផាវ ហើយគប់សំដៅចូលទៅក្នុងផ្ទះជនរងគ្រោះម្នាក់ដែលនៅផ្ទះជាប់គ្នា តែត្រូវម្ចាស់ផ្ទះស្ទុះទៅពន្លត់បានទាន់ពេល។
ករណីប៉ុនប៉ងហិង្សាដ៏ឃោឃៅនេះ ធ្វើឡើងទៅលើផ្ទះជនរងគ្រោះ ឈ្មោះ ម៉ៅ វណ្ណី ភេទស្រី ស្ថិតនៅក្នុងក្រុមទី៦ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង នៅវេលាម៉ោង ១ និង៣០នាទី រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ។
តាមមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនបង្កហេតុឈ្មោះ ចំរើន ឆេងឡា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ផ្ទះជាប់គ្នានឹងផ្ទះជនរងគ្រោះ បានយកកំប៉ុងហ្គាសតូចមួយ ចងរុំជាប់ជាមួយនឹងផាវគ្រាប់បែកមួយគ្រាប់ ហើយដុតផាវនោះឲ្យឆេះរួចបោះសំដៅចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ម៉ៅ វណ្ណី ភេទស្រី អាយុ៣៥ឆ្នាំ ក្នុងពេលដែលស្ត្រីរងគ្រោះ កំពុងអង្គុយលាងចានតែម្នាក់ឯង។ ពេលឃើញផាវឆេះដូច្នេះ ស្ត្រីម្ចាស់ផ្ទះ ក៏យកទឹកសាប៊ូទៅជះពន្លត់ផាវ។ ក្រោយពេលដែលឃើញស្ត្រីរងគ្រោះពន្លត់ផាវនោះរួចហើយ ជនសង្ស័យក៏បានរត់ទៅយកកូនកាំបិតចុងស្រួច មកគំរាមចាក់សម្លាប់ជនរងគ្រោះបន្ថែមទៀត តែមិនបានសម្រេច។ប្រភពដដែលបន្តថា ករណីហិង្សានេះ ដោយសារជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នា ។
បច្ចុប្បន្ន កម្លាំងនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនបង្កហេតុ និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ ៖ សុផល