បាត់ដំបង ៖ អាជីវកម្មជីកយកអាចម៍ដីលក់នៅក្រុង និងខេត្តបាត់ដំបង កើតមានយូរហើយ តែបច្ចុប្បន្ននេះ រណ្តៅដីរបស់ឈ្មោះ ហេង អេង ហាក់ដូចជាលេចធ្លោជាងគេ គឺមានជម្រៅប្រមាណជាង ៣០ម៉ែត្រ តែអាជ្ញាធរតាំងពីថ្នាក់ភូមិ សង្កាត់រហូតដល់ខេត្ត ទំនងជាត្រូវថ្នាំសណ្តំសំងំឈឹង ផ្តល់ឱកាសឲ្យឈ្មោះ ហេង អេង បន្តជីកស្ទើរហួសក្បាលប្រែតទៅទៀត។
នេះ ជាការអះអាងបញ្ជាក់ របស់បុរសចំណាស់ម្នាក់ដែលប្រាប់ថា គាត់ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះ។
បុរសដែលស្នើសុំមិនបញ្ចេញឈ្មោះរូបនេះ បានរិះគន់ធ្ងន់ៗថា អាជីវកម្មលក់អាចម៍ដី និងជីកជម្រៅហួសពីគោលការណ៍កំណត់របស់ឈ្មោះ ហេង អេង បានកើតឡើងយូរហើយ តែ មិនរំខានដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ឬក្រុងបាត់ដំបង នោះឡើយ។ ករណីមិនអើពើនេះ ត្រូវបានបុរសចំណាស់រូបនេះចាត់ទុកមន្ត្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង« ជាមន្ត្រីគ្រាប់ល្ពៅ » ចាំតែឆ្លៀតឱកាសកេងចំណេញក្នុងអំពើពុករលួយ ខណៈប្រមុខរាជរដ្ឋាភិបាលកំពុងជាប់ដៃក្នុងកិច្ចការទូត និងកិច្ចប្រជុំកំពូលៗនៅក្រៅប្រទេស។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ ក្រុមការងារព័ត៌មាន បានចុះទៅដល់ទីតាំងជីកយកអាចម៍ដីលក់មួយកន្លែង នៅក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ដែលគេស្គាល់ថា ជារបស់ឈ្មួញឈ្មោះ ហេង អេង ឃើញថា មានជម្រៅជ្រៅដែលមើលទៅគួរឲ្យភ័យខ្លាច ដូចសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋប្រាកដមែន។
បុរសចំណាស់ដដែល បានពន្យល់ថា រឿងប៉ុណ្ណឹង មិនមែនរដ្ឋអំណាចធ្វើមិនកើតនោះទេ តែអំពើពុករលួយ វាបានធ្វើឲ្យមន្ត្រីគ្រាប់ល្ពៅបិទភ្នែក មិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន និងធ្ងន់ធ្ងរជាងនេះ គឺគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬកូនចៅប្រជាពលរដ្ឋ ដែលអាចធ្លាក់ក្នុងរណ្តៅដ៏ជម្រៅនោះ នារដូវវស្សាដែលមានទឹកជន់លិច។
បុរសចំណាស់ដដែលបន្តថា ឈ្មួញ ហេង អេង គេមិនខ្លាចនឹងជះលុយដើម្បីបិទបាំងទង្វើល្មើសក្នុងអាជីវកម្មនោះឡើយ ព្រោះថា គេទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃថោកៗ ហើយជីកយកអាចម៍លក់ក្នុងតម្លៃថ្លៃ ។ ក្រោយពេលជីកលក់អស់ចិត្តហើយ គេប្រកាសលក់រណ្តៅដីក្នុងតម្លៃមួយផ្សេងទៀត ហើយអាចលក់ថ្លៃជាងធម្មតា ដោយសារនៅរដូវវស្សា រណ្តៅដីនោះ នឹងក្លាយទៅជាបឹង គឺប្រៀបបីដូចជាការលក់បឹងមួយយ៉ាងធំដូច្នោះដែរ។
គួរជម្រាបផងដែរថា រណ្តៅដីរបស់ឈ្មោះ ហេង អេង នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានគេដាក់រហស្សនាមថា «បឹងសែនត្រជាក់» ប៉ុន្តែដោយសារ បឹងសែនត្រជាក់ របស់ឈ្មួ្ញញ ហេង អេង នោះហើយ ទើបបានជាកន្លងមក មានអ្នកស្លាប់ដោយសារលង់ទឹកណ្តៅដី«បឹងសែនត្រជាក់»នោះ គួរឲ្យអាណោចអធម៌។
នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានព្យាយាម សុំការពន្យល់ពីលោកអភិបាលក្រុងបាត់ដំបងដែរ មិនអាចទាក់ទងបាន ដោយសារទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ប្រព័ន្ធបាន៕ ដោយ ៖ សុផល