ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងរៀបចំបញ្ចូលថ្នាក់«ភាសាសញ្ញា»សម្រាប់ជនពិការ គ ថ្លង់ ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដោយក្នុងសាលានីមួយៗ មានថ្នាក់«ភាសាសញ្ញា» មួយថ្នាក់ ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបញ្ជាក់ថា គម្រោងបញ្ចូលថ្នាក់«ភាសាសញ្ញា» នេះ ត្រូវបានធ្វើឡើងសម្រាប់ជនពិការ គ ថ្លង់ និងពង្រីកឲ្យកាន់តែមានភាពទូលំទូលាយ ខណៈបច្ចុប្បន្នការសិក្សា ភាសាសញ្ញា មានតែនៅតាមសាលា គ ថ្លង់ របស់ស្ថាប័ននៃអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ ។ ម្យ៉ាងទៀត គម្រោងនេះ ក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមរបស់បងប្អូនជនពិការ ផងដែរ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅទីស្តីការក្រសួងសង្គម កិច្ច ក៏មានការប្រារព្ធពិធីនៃទិវាមនុស្ស គ-ថ្លង់ អន្ដរជាតិ ក្រោមប្រធានបទ «មាន ភាសាសញ្ញា ខ្ញុំអាចរស់នៅបានដោយស្មើភាព»៕