កម្ពុជា ជប៉ុន រៀបចំ​ព្រឹត្តិការណ៍​រំលឹក​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ ហើយ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​មួយ​នេះ ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឥតឈប់ឈរ លើ​គ្រប់​វិស័យ​ទាំង​ស្ថាប័នរដ្ឋ ក៏ដូចជា​វិស័យ​ឯកជន​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ូ​ឈិ ហ៊ី​ដេ​ហ៊ី​សា បានបង្ហាញ​ទំនាក់​ទ​នង​ការទូត រវាង​ប្រទេស​ទាំងពីរ បានកើត​មាន​៦៥​ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ ជា​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នេះ ជា​លើក​ទី​១ ដែល​ជប៉ុន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។

​កន្លងមក​ប្រទេស​ទាំងពី បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និត ពិសេស​នៅក្រោយ​ទស្សវត្ស​ទី​៨០ ដែល​ជប៉ុន​បាន​ចូលរួម ការស្វែងរក​សន្តិភាព និង​បាន​បញ្ជូន​ថ្នាក់ដឹកនាំ​របស់ខ្លួន ទៅ​ចូលរួម​ក្នុង​កិច្ចពិភាក្សា នៅ​ទីក្រុង​ប៉ារីស ហើយ​លើសពីនេះ ក៏បាន​ចូលរួម​កសាង​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ​។​

​ឯកអគ្គរាជទូត មានប្រសាសន៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​រសៀល​ថ្ងៃទី​១៧​ខែតុលា​នេះ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា ឆ្នាំនេះ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពី ជប៉ុន​នឹង​រៀបចំ ខែ​មិត្តភាព កម្ពុជា​-​ជប៉ុន ចាប់ពី​ថ្ងៃទី​១៩ ខែតុលា ដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា ដែលមាន​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​។​

​ចំពោះ​ស្ថានទូត​ជប៉ុន នឹង​រៀបចំ​ព្រឹត្តិការណ៍​២ ទាក់ទង​នឹង​កម្មវិធី ផ្លាស់ប្តូរ​យុវជន JENESYS ដែល​ក្នុងនោះ​មាន កម្មវិធី​ទី​១ ការប្រកួត​ធ្វើ​បទ​បង្ហាញ ដោយ​ក្រុមនិស្សិត​សាកលវិទ្យាល័យ ក្រោម​ប្រធានបទ ”​អនាគត កម្ពុជា​៣០​ឆ្នាំក្រោយ​” នៅ​ថ្ងៃទី​២៥​ខែតុលា ដើម្បី​ជ្រើសរើស​និស្សិត​ទៅ​ចូលរួម​កម្មវិធី JENESYS ។ ទី​២ ការប្រកួត​មិត្តភាព នៅ​ថ្ងៃទី​៣១ ខែតុលា រវាង​កីឡា​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ និង​កីឡាបាល់ទាត់​សិស្ស​វិទ្យាល័យ មកពី​សាលា​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​នៅ ហ្វូ​គូ​ស៊ី​ម៉ា​។​

​ក្រៅពីនេះ​ក៏មាន​កម្មវិធី​ជាច្រើន​ទៀត ដូចជា នៅ​ថ្ងៃទី​១៩-២១​តុលា នឹង​រៀបចំ​សន្និសីទ ASCOJA នៅ​ខេត្ត​សៀ​បរាប ដែល​រៀបចំ​ដោយ សមាគម​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ២០​តុលា រៀបចំ​ពិ​ពរណ៍​សិក្សា​នៅ​ប្រទេស​ជប៉ុន ដោយ CJCC ថ្ងៃទី​២១​ខែតុលា មានកម្ម​វិធី មហោស្រព​បុ​ង​អូ​ដូ​រី នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ដោយ​សមាគម​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ថ្ងៃទី​២៨ តុលា មានកម្ម​វិធី Let’s Cosplay លើក​ទី​៥ នៅ CKCC នៅ​ថ្ងៃទី​៣១​តុលា កម្មវិធី​ប្រគល់​កង់ នៅ​វត្ត​ឈូក​វ៉ា ដោយ​មូ​និ​ធិ​គ្រប់គ្រង​ចំណត​កង់​ជប៉ុន និង​មានកម្ម​មានកម្ម​វិធី កីឡា សិល្បៈ វប្បធម៌ ភាពយន្ត បរិស្ថាន ទេសចរណ៍ និង​អប់រំ មួយចំនួនទៀត​៕

 

 

 

 

 

 

( ជប៉ុន​-​កម្ពុជា រាំលេង​យ៉ាង​សប្បាយ នៅក្នុង​ពិធី​បើក​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ២០១៨ )