ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ខណៈដែលពេលព្យាយាមរត់គេចពីសមត្ថកិច្ច ហើយតោងឡើងបង្គោលភ្លើងឆក់ កាលពីវេលាម៉ោង ៣នឹង០០នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា ដំបូងឡើយ ក្មេងប្រុសអាយុ១៤ឆ្នាំ នេះ បានទៅដើរលេងក្បែរទឹកប្រឡាយហើយស្របពេលនោះ មានអាជ្ញាធរមួយក្រុមចុះមកពិនិត្យស្ថានភាពការស្តារប្រឡាយ។ ភ្លាមៗនោះ ក្មេងខាងលើ មានការភ័យខ្លាច ក៏បានរត់ឆ្លងប្រឡាយដោយខ្លួនទទឹកជោក រួចបានបន្តរត់ទៅផ្លោះរបងផ្ទះប្រជាពលរដ្ឋ និងតោងប៉ះចំបង្គោលភ្លើងបណ្តាលអោយឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម៌នៅលើចំម្រឹងដែករបងនោះតែម្តង ។
ជុំវិញករណីនេះសមត្ថកិច្ចបានអោយដឹងថា សពក្មេងប្រុសមានឈ្មោះ ម៉ូ នី អាយុ១៤ឆ្នាំ ស្នាក់នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ សមត្ថកិច្ចបានបន្តថា ទំនងក្មេងប្រុសម្នាក់នេះ ធ្លាប់ប្រើប្រាស់ថ្នាំញៀន ទើបឃើញសមត្ថកិច្ច ភ័យហើយរត់គេចរហូតមកជួបរឿងអកុសលបែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចុះធ្វើកោសល្យវិច្ច័យលើសាកសពដល់ទីតាំងកើតហេតុ រួចបានប្រគល់សាកសពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពិនិត្យឃើញថា ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន៕