ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា ( ក.អ.ក ) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មាន ស្តីពីធុរកិច្ចរបស់សហភាពអឺរ៉ុប និងការទទួលខុសត្រូវផ្នែកសង្គម ធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Phanrma ប្រចាំប្រទេសកម្ពុជា និងលោកស្រី Cecile Ga អនុប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជា Product Manger of Servier International ជាវាគ្មិននៅក្នុងវេទិកានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EU បានបង្ហាញថា ធុរកិច្ចរបស់សហភាពអឺរ៉ុប និងការទទួលខុសត្រូវផ្នែកសង្គម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបួននៃកិច្ចពិភាក្សាជាសេរីជាមួយអ្នកសារព័ត៌មានដែលរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុប ដើម្បីផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានអាចធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹងវិនិយោគិន និងម្ចាស់ធុរកិច្ចអឺរ៉ុបនៅកម្ពុជា ស្វែងយល់ថា តើវិនិយោគិន និងធុរជនទាំងនេះកំពុងធ្វើសកម្មភាពខ្លះក្នុងប្រទេសកម្ពុជា និងយល់ដឹងពីការរួមចំណែករបស់ពួកគេ ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការបង្កើតការងារ ការអភិវឌ្ឍជំនាញ នាវានុវត្តន៍ និងការអនុវត្តធុរកិច្ច ដែលទទួលខុសត្រូវចំពោះសង្គមមិនបង្កផលប៉ះពាល់បរិស្ថាន ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ថា លោករីករាយណាស់ដែលអាចផ្តល់ឱកាសដល់អ្នកសារព័ត៌មានកម្ពុជាជួបជាមួយនឹងវិនិយោគិន និងម្ចាស់ធុរកិច្ចអឺរ៉ុប ។ ធុរកិច្ចសហភាពអឺរ៉ុបគឺជាដៃគូរប្រកបដោយថាមពល និងគួរឲ្យទុកចិត្តសម្រាប់កម្ពុជា។
ឯកអគ្គរដ្ឋទូត EU រូបនេះ បន្ថែមទៀតថា តាមរយៈកិច្ចពិភាក្សា និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយនឹងប្រធាន និងអនុប្រធាននៃគណៈកម្មការសុខាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុប អ្នកសារព័ត៌មាននឹងយល់ច្បាស់ថា តើធុរកិច្ចនៃសហភាពអឺរ៉ុបនៅកម្ពុជាមានការទទួលខុសត្រូវផ្នែកសង្គមណា ។
សូមជម្រាបថា ប្រធានបទចំនួន៤ នៃកិច្ចពិភាក្សាជាសេរីជាមួយអ្នកសារព័ត៌មានដែល EU គ្រោងនឹងធ្វើរួមមាន ១/ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងកិច្ចអភិវឌ្ឍន៍ ( ថ្ងៃទី៤ ខែតុលា ) ២/ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងការទទួលខុសត្រូវសង្គម ៣/សេដ្ឋកិច្ចបៃតងរបស់សហភាពអឺរ៉ុប និងទី៤/ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងសុវត្ថិភាពកម្មករ និយោជិករបស់សហភាពអឺរ៉ុប ៕