ច្រក​តំបន់​បឹង​ត្រកួន​មាន​អ្នកកាង​បើក​ឲ្យ​នាំ​ធ្យូង​ចេញទៅ​ថៃ​ដោយ​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ធ្យូង​ខ្មែរ​រាប់​តោន​ក្នុង​មួយថ្ងៃៗ ត្រូវបាន​ក្រុម​ឈ្នួ​ញ និង​មន្ត្រី​មួយចំនួន​ឃុបឃិត​គ្នា​បើក​ឲ្យ​ដឹកជញ្ជូន​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ ទៅ​លក់​ឲ្យ​ឈ្នួ​ញ​ថៃ​យ៉ាង​អនាធិបតេយ្យ​។ ការឃុបឃិត​គ្នាដែលត្រូវគេអះអាងថាជាការ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ ពាក់ព័ន្ធ​នឹង​មន្ត្រី​ពីរ​បីនាក់​ដែលមាន​អង្គភាព​ប្រចាំការ​នៅ​ទីនោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីរដ្ឋបាល​សាធារណៈ​មូលដ្ឋាន​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភពព័ត៌មាន បាន​អះអាងថា ធ្យូង​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ត្រូវបាន​គេ​ដឹក​ចេញ​អូស​សណ្តោង​ដោយ​ត្រាក់ទ័រ រួម​និង​រថយន្ត​ធុន​ធំ​របស់​ថៃ ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយ​សេរីដែលមួយចំនួនមិនត្រូវបានគេចុះបញ្ជីចំណូលពន្ធនោះឡើួយ ហើយ​មន្ត្រី និង​សមត្ថកិច្ច​នៅ​មាត់ច្រក​មួយ​នេះ បិទ​ភ្នែក​ធ្វើ​មិនដឹង មិនឃើញ ដោយសារ​មានការ​បង់ប្រាក់​ក្រៅច្បាប់​ឲ្យ​គ្រប់​ជំនាញ​ទើប​ចេញរួច​។

​ប្រភព​បន្តទៀតថា ឈ្មួញ​រកស៊ី​ធ្យូង​ជាមួយ​ឈ្មួញ​ថៃ ឬ​ជា​អ្នក​រត់ការ​នៅក្នុង​ស្រុក​ថ្មពួក ភាគច្រើន​ជាម​ន្ត្រី​សមត្ថកិច្ច ក្នុងនោះ​ក៏មាន​លោក ជេ​ត សោម មន្ត្រី​អាវុធហត្ថ លោក ដេ​ត ជា​មន្ត្រីនគរបាល លោក បារាំងតូច ជា​ទាហាន និង​យាយ ស៊ីនួន ដែល​គេ​ដឹងថា ជា​មន្ត្រី​ក្នុង​ក្រសួង​មួយ​នៅ​ភ្នំពេញ ផងដែរ​។​

​មន្ត្រី​មួយចំនួន​នៅ​ស្រុក​ថ្មពួក បាន​លើកឡើងថា លោក​ខ្មាស់អៀន​ណាស់​ចំពោះ​ការរិះគន់​របស់​អ្នកស្រុក​នៅតាម​តុ​កាហ្វេ ដែល​អ្នកខ្លះ​តិះដៀល​ធ្ងន់ៗ​ថា មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​តំបន់​បឹង​ត្រកួន មិន​ទប់ស្កាត់​ការចេញ​ធ្យូង​ពី​កម្ពុជា​ទេ​ព្រោះ​ជា​ឆ្នាំងបាយ​របស់​ពួកគេ ហើយ​ថា បើ​បណ្តោយ​បែប​ហ្នឹង មុន​និង​ក្រោយ គឺ​រលាយ​អស់ហើយ​ព្រៃឈើ​ក្នុងស្រុក​ខ្មែរ​។ ខ្លះ​ទៀតថា នៅ​ច្រក​បឹង​ត្រកួន​នេះ មាន​មន្ត្រី​ពីរ បីនាក់ គឺជា​ដើមចម​ដែល​នាំ​ឲ្យ​មានការ​នាំចេញ​ធ្យូង​យ៉ាង​អនាធិបតេយ្យ​បែបនេះ បើ​គ្មាន​អ្នកកាង​ទាំង​នោះទេ ក៏​គ្មាន​អ្នកណា​ហ៊ាន​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​យកទៅ​ដុត​ធ្វើ​ធ្យូង​លក់​ឆ្លងដែន​បានដែរ​។​

​ប្រភព​ដដែល​បន្តថា ការដឹកជញ្ជូន​ធ្យូង​ឆ្លងដែន​ក៏​ដូចគ្នា​ដែរ ដឹក​ឆ្លង​ច្រកទ្វារ​បឹង​ត្រកួន រាប់​តោន​ក្នុង​មួយថ្ងៃៗ ទាំង​ឡានៗ​មិនមែនជា​រឿង​អាថ៌កំបាំង​ឯណា​ចុះ​ហេតុ​អី​នៅតែ​មិនអាច​ទប់ស្កាត់បាន ឬ​ជា​ចេតនា​មិន​ចង់​ទប់ស្កាត់​ដើម្បី​ផលប្រយោជន៍​អ្វីមួយ ? ។​

​ក្រៅពី​ច្រក​តំបន់​បឹង​ត្រកួន ធ្យូង​ខ្មែរ ក៌​ត្រូវបាន​នាំចេញ​តាម​ច្រករបៀង​មួយចំនួនទៀត​ផងដែរ​នៅក្នុង​ស្រុក​ថ្មពួក​នេះ ជាពិសេស​ច្រក​ប្រាសាទ​ត្បែង​ផងដែរ​។​

​ជុំវិញ​ប្រភពព័ត៌មាន​ខាងលើ លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយសារ​ទូរស័ព្ទ​លោក​ចុច​ចូល​ដែរ​ តែមិនដែល​លើកទទួល​។ ចំណែកលោក សោម និងលោក ដេត មិនអាចទាក់ទង សុំការពន្យល់បានទេ កាលពីរសៀលថ្ងៃទី២០ ខែតុលា កន្លងមកនេះ ។

បញ្ហា​នេះ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន និង​មេព្រៃ​ខេត្តបន្ទាយមានជ័យ មិនគួរ​សំងំស្ងៀម​តទៅទៀត​ឡើយ ល្មម​ចុះបង្ក្រាប ឬ​ទប់ស្កាត់​ផង ពុំ​ដូច្នោះ​ទេ​ព្រៃឈើ​នឹង​រលាយ​ហិនហោច​អស់​ជាមិនខាន​នៅពេល​ខាងមុខ ហើយ​សត្វព្រៃ​អាច​នឹងរ​ត់ទៅ​ប្រទេស​គេ​អស់​ព្រោះតែ​គ្មាន​ទីជម្រក​៕