ខេត្តក្រចេះ ៖ អាជីវកម្មផលិតស្រាស ជាលក្ខណៈគ្រួសារចំនួន៦០០កន្លែង នៅទូទាំងខេត្តក្រចេះ ដែលភាគច្រើន គ្មានច្បាប់អនុញ្ញាត ត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយមនុស្ស៥នាក់បានពុលស្រាសស្លាប់។ ការបិទនេះ ក្រោយពីមន្ត្រីនៃមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្តក្រចេះ រកឃើញថា ទីតាំងផលិតស្រា ស ភាគច្រើនគ្មានច្បាប់អនុញ្ញាត ជាហេតុធ្វើឲ្យសិប្បករទាំងនោះ ផលិតស្រាសតាមតែអំពើចិត្ត។
លោក នី ឈុន ប្រធានមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្តក្រចេះ បានប្រាប់ថា អ្នកផលិតស្រានៅក្នុងស្រុកសំបូរ បានដាក់សារធាតុមេតាណុលលើសការកំណត់រហូតដល់ទៅ៦ភាគរយ ខណៈដែល កម្រិតស្តង់ដារត្រឹមតែ ០,១៥ ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីឧសភា ឆ្នាំ២០១៨ មានការពុលស្រាស និងពុលទឹកនៅឃុំកន្ទូត ស្រុកឆ្លូង បណ្ដាលឲ្យអ្នកភូមិ ១៣នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺប្រមាណ៣០០នាក់ ហើយក្រោយៗមកទៀតករណីពុលស្រា ស នៅខេត្តក្រចេះនេះ បានកើតឡើងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕